បុរសជនជាតិខ្មែរម្នាក់ទទួលបានសិទ្ធទៅរស់នៅអាម៉េរិកជួបជុំគ្រួសារវិញ ក្រោយត្រូវគេនិរទេសខ្លួនចេញពីអាម៉េរិកជិត ២ ឆ្នាំ (មានវីដេអូ)
បុរសខ្មែរអាម៉េរិកកាំងម្នាក់ទីបំផុតទៅបានត្រលប់ទៅរស់នៅជួបជុំគ្រួសារនៅក្នុងរដ្ឋ Massachusetts សហរដ្ឋអាម៉េរិកវិញហើយ ក្រោយរូបគាត់ត្រូវរដ្ឋាភិបាលអាម៉េរិកសម្រេចធ្វើការនិរទេសចេញពីទឹកដីអាម៉េរិកជិត ២ ឆ្នាំមកហើយ។ បុរសខ្មែរអាម៉េរិកកាំងរូបនេះមានឈ្មោះថា ធី ជា (Thy Chea) បានទៅរស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ១៩៨១ ម្ល៉េះ ពោលគឺរូបគាត់ជាជនភៀសខ្លួនក្នុងសម័យខ្មែរក្រហម។ នៅក្នុងឆ្នាំ ១៩៩៩ លោក ធី ជា បានរងនូវការចោទប្រកាន់មួយជុំវិញករណី “គំរាមគំហែងអ្នកដទៃនិងមានបំណងចង់ប្រព្រឹត្តិបទឧក្រិដ្ឋ” ហើយរូបលោកត្រូវជាប់គុករយៈពេល ៣ ខែផងដែរ។

បន្ថែមពីការជាប់គុកលោក ធី ជា ក៏ត្រូវប្រឈមនឹងការនិរទេសខ្លួនចេញពីទឹកអាម៉េរិកទៀតផង។ យ៉ាងណាក្តី ការអនុវត្តទោសនៃការនិរទេសខ្លួនត្រូវបានពន្យាពេលជាបន្តបន្ទាប់ ដោយផ្អែកទៅលើកិច្ចព្រមព្រាងរវាងប្រទេសទាំងពីរកម្ពុជា-អាម៉េរិក មានការប្រែប្រួលជាបន្តបន្ទាប់ និងជាច្រើនដងដែរ។ រហូតដល់ឆ្នាំ ២០១៨ កន្លងទៅនេះ លោក ធី ជា ត្រូវអនុវត្តទោសនៃការនិរទេសខ្លួនដោយត្រូវមករស់នៅប្រទេសកម្ពុជារយៈពេលជិត ២ ឆ្នាំ ហើយក្នុងយរយៈពេលទទួលទោសគាត់មិនអាចធ្វើដំណើរទៅអាម៉េរិកបានឡើយទោះបីទៅដើរលេងក្នុងរយៈពេលខ្លីក៏ដោយ។ បើទោះជាយ៉ាងនេះក្តី កាលពីសប្តាហ៍មុននេះរដ្ឋាភិបាលអាម៉េរិកបានអនុញ្ញាតឲ្យ លោក ធី ជា អាចត្រលប់ទៅរស់នៅជុំគ្រួសារនៅទឹកដីអាម៉េរិកជាធម្មតាវិញហើយ៕
អត្ថបទ៖ ភក្តី