អន្តរជាតិ

អ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលនិយាយថា ប៉ុន្មានសប្ដាហ៍ទៀតនឹងមានវ៉ាក់សាំងសម្រាប់វីរុស COVID-19 បើការងាររលូនតាមការគ្រោងទុក

BY
autoadmin
February 29, 2020

សារព័ត៌មាន Daily Mail បានចុះផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ប៉ុន្មានសប្ដាហ៍ទៀត យើងនឹងមានវ៉ាក់សាំងសម្រាប់វីរុស COVID-19 ដែលបង្កើតដោយអ្នកវិទ្យាសាស្ត្រអ៊ីស្រាអែល។ យោងតាមរដ្ឋមន្រ្តីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Ofir Akunis បានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រអ៊ីស្រាអែលកំពុងស្ថិតក្នុងការបង្កើតវ៉ាក់សាំងដំបូងប្រឆាំងនឹងមេរោគឆ្លងថ្មីនេះ។ បើទាំងនេះរលូនតាមការគ្រោងទុក វ៉ាក់សាំងនេះអាចត្រៀមខ្លួនរួចរាល់ក្នុងរយៈពេលពីរបីសប្តាហ៍ ហើយអាចមានលក់បានក្នុងរយៈពេល ៩០ថ្ងៃ។

លោក Akunis បានថ្លែងថា៖ «សូមអបអរសាទរដល់វិទ្យាស្ថាន MIGAL [វិទ្យាស្ថានស្រាវជ្រាវកាលីឡេ] ចំពោះការរកឃើញដ៏អស្ចារ្យនេះ។ ខ្ញុំមានទំនុកចិត្តថា នឹងមានការរីកចម្រើនយ៉ាងឆាប់រហ័សបន្ថែមទៀត ដែលអាចឱ្យយើងផ្តល់នូវការឆ្លើយតបជាចាំបាច់ ចំពោះការគម្រាមកំហែងពិភពលោកដោយវីរុស COVID-19»។ ក្នុងរយៈពេល ៤ឆ្នាំ កន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្ត្រ MIGAL បាននិងកំពុងបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុស infectious bronchitis virus (IBV) ដែលវីរុសនេះបណ្តាលឱ្យមានជំងឺរលាកទងសួតប៉ះពាល់ដល់បសុបក្សី។ ប្រសិទ្ធភាពនៃវ៉ាក់សាំងនេះត្រូវបានគេបង្ហាញឱ្យឃើញនៅក្នុងការសាកល្បងរោគ ដែលត្រូវបានអនុវត្តនៅវិទ្យាស្ថានបសុពេទ្យ។ MIGAL មានទីតាំងស្ថិតនៅក្នុងតំបន់កាលីឡេ ប្រទេសអ៊ីស្រាអែល។

លោកវេជ្ជបណ្ឌិត Chen Katz ដែលជាអ្នកដឹកនាំក្រុមជីវបច្ចេកវិទ្យារបស់ MIGAL បានមានប្រសាសន៍ថា៖«គោលគំនិតរបស់យើងគឺដើម្បីអភិវឌ្ឍបច្ចេកវិទ្យា ហើយមិនចាំបាច់ចាក់វ៉ាក់សាំងសម្រាប់ប្រភេទនេះ ឬវីរុសប្រភេទនោះទេ»។ អ្នកស្រាវជ្រាវបាននិយាយថា ការលេបវ៉ាក់សាំងផ្ទាល់មាត់អាចឱ្យមានកម្រិតខ្ពស់នៃអង្គបដិប្រាណប្រឆាំងនឹង IBV ជាក់លាក់នៅក្នុងការសាកល្បងនោះ។ ប្រសិនបើពួកគេអាច «កែសម្រួលប្រព័ន្ធ» ចេញពីមេរោគបសុបក្សីទៅព្យាបាលលើមនុស្សបាន ក្នុងរយៈពេលពីរបីសប្តាហ៍ទៀតវ៉ាក់សាំងសម្រាប់ការពារការឆ្លង COVID-19 នឹងចេញជារូបរាង។ លោកបណ្ឌិត Katz បានបន្ថែមទៀតថា “អ្វីដែលយើងត្រូវធ្វើពេលនេះគឺត្រូវកែប្រែប្រព័ន្ធទៅនឹងលំដាប់ថ្មី» សម្រាប់វីរុសក្នុងខ្លួនមនុស្ស៕

អត្ថបទ៖ លីដា
ប្រភព៖ DailyMail

Share This Post: