លោក Mahathir Mohamad នឹងឈរឈ្មោះជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញ បន្ទាប់ពីលាលែងពីតំណែងមិនបានមួយអាទិត្យផងនោះ
- BY
- autoadmin
- February 29, 2020
ម៉ាឡេស៊ី៖ នៅថ្ងៃសៅរ៍ ទី២៩ ចុងខែកុម្ភៈ ឆ្នាំ២០២០នេះ លោក Mahathir Mohamad បានឱ្យដឹងថា លោកនឹងឈរឈ្មោះជានាយករដ្ឋមន្រ្តីវិញ។ ការប្រកាសនេះគឺតិចជាង ១សប្ដាហ៍ បន្ទាប់ពីលោកបានលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រី ក៏ដូចជាក្នុងនាមជាប្រធានបក្ស ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ក្នុងភាពចលាចលនយោបាយ។ នោះមានន័យថាលោក Mahathir ដែលជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន គឺជាមេដឹកនាំរដ្ឋាភិបាលចំណាស់ជាងគេបំផុតនៅលើពិភពលោក ក្នុងវ័យ ៩៤ឆ្នាំ។ លោក Mahathir ក៏បានបង្រួបបង្រួមជាមួយសម្ព័ន្ធមិត្តយូរអង្វែងរបស់បក្ស គឺលោក Anwar Ibrahim ដែលមានអាយុ ៧២ឆ្នាំ ឱ្យត្រឡប់មកគាំទ្រលោកឡើងវិញផងដែរ។
លោក Mahathir បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ឥឡូវនេះខ្ញុំមានទំនុកចិត្តថា ខ្ញុំមានចំនួនដែលចាំបាច់ដើម្បីទទួលបានការគាំទ្រភាគច្រើន»។ ចំណែកនៅក្នុងសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធភាពរបស់ពួកគាត់គឺលោក Anwar Ibrahim បាននិយាយថា៖ «បក្ស Pakatan Harapan បានគាំទ្រយ៉ាងពេញទំហឹង ចំពោះលោកបណ្ឌិត Mahathir ជាបេក្ខភាពនាយករដ្ឋមន្រ្តីថ្មី»។ លោក Anwar Ibrahim បានបង្ហោះសេចក្តីថ្លែងការណ៍នេះ នៅលើបណ្តាញសង្គម Twitter នៅក្នុងការបង្ហាញជាក់ស្តែងនៃការគាំទ្រផ្ទាល់ខ្លួន។ គួរឱ្យដឹងដែរថា ប្រសិនបើលោក Mahathir ត្រូវបានគេសម្រេចជ្រើសជានាយករដ្ឋមន្ត្រីម្ដងទៀតមែននោះ នេះនឹងក្លាយជាការកាន់តំណែងជាលើកទី៣ របស់លោក ក្នុងនាមជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕
អត្ថបទ៖ លីដា
- Share This Post: