អន្តរជាតិ

កូរ៉េខាងជើងបញ្ជាឱ្យបិទគ្រប់ផ្លូវដំណើរទាំងអស់ មិនថាផ្លូវទឹក ផ្លូវគោក ផ្លូវអាកាស… ឱ្យតែវីរុស COVID-19 អាចចូលបានត្រូវបិទចោលទាំងអស់

BY
autoadmin
February 29, 2020

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានមន្ត្រីជាន់ខ្ពស់ក្នុងបក្សកាន់អំណាចរបស់ខ្លួនអំពី “ផលវិបាកធ្ងន់ធ្ងរ” នៃការខកខានក្នុងការការពារ ការផ្ទុះឡើងនៃវីរុស COVID-19 នៅក្នុងប្រទេសនេះ។ ប្រទេសក្រីក្រដែលមានប្រព័ន្ធថែទាំសុខភាពខ្សោយមួយនេះ បានកំពុងបិទព្រំដែនរបស់ខ្លួនទាំងអស់ ដើម្បីការពារការរីករាលដាលនៃវីរុសចូលទឹកដីរបស់ខ្លួន។ យោងតាមទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េ (KCNA) បានឱ្យដឹងថា លោក គីម ជុងអ៊ុន បានប្រាប់នៅក្នុងកិច្ចប្រជុំមួយរបស់គណបក្សពលករកូរ៉េថា ការប្រយុទ្ធប្រឆាំងនឹងវីរុសនេះគឺជា “ការយកចិត្តទុកដាក់របស់រដ្ឋសម្រាប់ការពារប្រជាជន” ដែលទាមទារឱ្យមានវិន័យជាអតិបរមា។

KCNA បានដកស្រង់សម្តីលោក គីម ជុងអ៊ុន ដោយបាននិយាយថា៖ «ក្នុងករណីដែលវីរុសឆ្លងរាលដាលហួសពីការគ្រប់គ្រងនៅក្នុងប្រទេសរបស់យើង វានឹងផ្ដល់ផលវិបាកធ្ងន់ធ្ងរ»។ លោកបានបន្ថែមថា មិនចាំបាច់មានករណីពិសេសណាមួយត្រូវបានអនុញ្ញាតឡើយ ហើយបានបញ្ជាឱ្យមន្រ្តី “បិទរាល់បណ្តាញ និងគ្រប់ចន្លោះទាំងអស់ ដែលវីរុសនេះអាចនឹងរកផ្លូវចូលមកបាន”។ នៅក្នុងការប្រជុំនោះលោក គីម ក៏បានដកហូតតំណែងមន្ត្រីជាន់ខ្ពស់ ២រូប ដែលជាអនុប្រធានគណបក្ស គឺលោក Ri Man Gon និងលោក Pak Thae Dok ក្នុងហេតុផលពុករលួយ បន្តែមិនបានបញ្ជាក់ឱ្យបានច្បាស់លាស់នោះទេ៕

អត្ថបទ៖ លីដា

Share This Post: