អន្តរជាតិ

ថៃបង្កើនវិធានការណ៍ទប់ទល់ COVID-19 កាន់តែខ្លាំង ខណៈចេញច្បាប់ថាអ្នកលក់ម៉ាស់ថ្លៃជ្រុលពេក អាចត្រូវពិន័យប្រាក់ជាង ៤,០០០ដុល្លារ ឬអាចជាប់គុក ៧ឆ្នាំ

BY
autoadmin
February 29, 2020

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសាធារណៈថៃ បានឱ្យឈ្មោះវីរុស Covid-19 ជា «វីរុសឆ្លងដ៏គ្រោះថ្នាក់» ដែលនឹងចូលជាធរមាននៅថ្ងៃអាទិត្យនេះ ដោយនឹងតម្រូវឱ្យអាជ្ញាធរបង្កើនការទប់ស្កាត់បន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះ។ សេចក្តីប្រកាសនេះបានធ្វើឡើងចំពេលដែលក្រសួងនៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ពីការឆ្លងថ្មីមួយទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងនៅក្នុងប្រទេសថៃកើនដល់ ៤២នាក់។ លេខាធិការអចិន្រ្តៃយ៍ក្រសួងបាននិយាយថា ជនរងគ្រោះចុងក្រោយគឺអ្នកលក់ដូរជនជាតិថៃ អាយុ ២១ឆ្នាំ ដែលការងាររបស់គាត់គឺមានទំនាក់ទំនងជាមួយភ្ញៀវទេសចរបរទេស។ បុរសនោះបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី២៤ ខែកុម្ភៈ និងបានស្វែងរកការព្យាបាលគ្រុនក្តៅ និងក្អកនៅមន្ទីរពេទ្យឯកជន មួយថ្ងៃក្រោយមក។

រដ្ឋមន្រ្តីសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា អ្នកឆ្លងវីរុសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Nopparatrajathanee នៅសង្កាត់ Kannayao នៃទីក្រុងបាងកក។ ប្រទេសថៃនៅមិនទាន់មានអ្នកស្លាប់ដោយសារវីរុសនេះទេ ហើយមានអ្នកឆ្លង ២៨នាក់ បានជាសះស្បើយ និង ១៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ សេចក្តីប្រកាសស្តីពី “ជំងឺឆ្លងដ៏គ្រោះថ្នាក់” ដែលត្រូវបានចុះហត្ថលេខាដោយលោក Anutin គឺផ្អែកលើបទប្បញ្ញត្តិ នៅក្នុងចំណុចទី៥ និងទី៦ នៃច្បាប់ស្តីពីជំងឺឆ្លង។ វាត្រូវបានគេបោះពុម្ភផ្សាយនៅក្នុងទស្សនាវដ្តី Royal Gazette កាលពីថ្ងៃសៅរ៍។

ក្នុងរយៈពេលចុងក្រោយនេះម៉ាស់មុខ និងជែលអនាម័យ (ជែលលាងដៃ) ត្រូវបានគេចាត់ថ្នាក់ថាជាទំនិញមានតម្លៃតាមទឹកមាត់ បន្ទាប់ពីតម្រូវការបានកើនឡើងយ៉ាងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ដូច្នេះអ្នកដែលត្រូវបានរកឃើញថា មានកំហុសក្នុងការលក់លើសតម្លៃ (លក់ថ្លៃ) អាចប្រឈមនឹងការផាកពិន័យរហូតដល់ ១៤០,០០០ បាត (ប្រហែល ៤,៤៤០ដុល្លារអាមេរិក) និង/ឬ ជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំ។ ចំណែករដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់គាត់ថា ក្រសួងសុខាភិបាលថៃនឹងចាប់ផ្តើមចែកម៉ាស់ចំនួន ១០០,០០០ រាល់ថ្ងៃចាប់ផ្ដើមពីថ្ងៃច័ន្ទនេះ ហើយក្នុងម្នាក់អាចទទួលបាន ៣ ម៉ាស់៕

អត្ថបទ៖ លីដា
ប្រភព៖ BangkokPost

Share This Post: