រូបភាពពី NASA បានបង្ហាញថា ប្រទេសចិនពេលនេះមិនមានការបំពុលបរិយាកាសទៀតទេ ព្រោះតែវីរុស COVID-19 បានបង្អាក់សកម្មភាពទាំងនោះ
រូបភាពពីផ្កាយរណបរបស់ទីភ្នាក់ងារណាសាបានបង្ហាញថា ការបំពុលបរិស្ថាននៅប្រទេសចិនបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារវីរុស COVID-19 ។ ផែនទីណាសាបង្ហាញពីកម្រិតធ្លាក់ចុះនៃអាសូតឌីអុកស៊ីតនៅក្នុងប្រទេសចិន ហើយវាកើតឡើងចំពេលមានការធ្លាក់ចុះសកម្មភាពរោងចក្រនៅចិន ខណៈដែលអ្នកផលិតទាំងនោះបិទទ្វារដើម្បីទប់ស្កាត់ការរាលដាលនៃវីរុស។ ក្រុមអ្នកវិទ្យាសាស្ត្រណាសាបាននិយាយថា ការកាត់បន្ថយកម្រិតអាសូតឌីអុកស៊ីត ដែលជាឧស្ម័នបញ្ចេញពីយានយន្ត និងរោងចក្រឧស្សាហកម្ម បានលេចចេញជាដំបូងនៅទីក្រុង Wuhan (ទីក្រុងប្រភពផ្ទុះឡើង) ប៉ុន្តែបន្ទាប់មកបានកាត់បន្ថយបានពេញប្រទេស។

ភ្នាក់ងារណាសាក៏បានប្រៀបធៀបរយៈពេលពីរខែដំបូងនៃឆ្នាំ២០១៩ ជាមួយនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០នេះផងដែរ ហើយលទ្ធផលគឺពិតជាគួរឱ្យភ្ញាក់ផ្អើល។ ទីភ្នាក់ងារអវកាសណាសាបានកត់សម្គាល់ថា ការថយចុះកម្រិតនៃការបំពុលបរិយាកាស កើតឡើងស្របពេលជាមួយនឹងការដាក់កម្រិតលើសកម្មភាពដឹកជញ្ជូន និងសកម្មភាពអាជីវកម្ម ហើយនៅពេលដែលមនុស្សរាប់លាននាក់ត្រូវបានគេដាក់ឱ្យធ្វើចត្តាឡីស័ក។ អ្នកនាំពាក្យណាសាបានឱ្យដឹងថា នេះគឺជាលើកទីមួយហើយដែលឃើញការធ្លាក់ចុះនៃការបំពុលបរិយាកាសយ៉ាងខ្លាំងលើតំបន់ដ៏ធំបែបនេះ។ ពួកគេធ្លាប់សង្កេតឃើញមានការធ្លាក់ចុះនៃកម្រិតអាសូតឌីអុកស៊ីតក្នុងកំឡុងពេលមានវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំ២០០៨ ប៉ុន្តែការថយចុះនាពេលនេះគឺសន្សឹមៗជាង៕

អត្ថបទ៖ លីដា
ប្រភព៖ BBC