ម៉ាស់ប្រើប្រាស់រួចរាប់តោនត្រូវអាជ្ញាធរវៀតណាមរឹបអូសបាន សង្ស័យឈ្មួញយកមកសម្អាតហើយលក់ចេញទៅវិញ
កាសែតឡាវដុងទើបតែបានចុះផ្សាយព័ត៌មានចុងក្រោយមុននេះបន្តិច ទាក់ទងនឹងចំនួនម៉ាស់គេប្រើប្រាស់រួចជាច្រើនគំនរ ដែលត្រូវបានគេប្រមូលផ្តុំនៅឯផ្ទះមួយ នៅភាគនិរតីទីក្រុងហូជីមិញ ប្រទេសវៀតណាម។ បន្ទាប់ពីទទួលបានដំណឹងតាមរយៈការចុះផ្សាយរបស់ កាសែតឡាវដុង អាជ្ញាធរមូលដ្ឋានក៏បានចុះទៅរឹបអូសដល់ទីតាំងប្រមូលទិញម៉ាស់ប្រើប្រាស់រួចនោះ ដែលមានអាស័យដ្ឋាននៅក្រុមទី១២ ឃុំ Vinh Loc B សង្កាត់ Binh Chanh។ ចំនួនម៉ាស់ដែលអាជ្ញាធររឹបអូសបាន មានទម្ងន់រហូតដល់ទៅ ៧៨០គីឡូក្រាម ជាកម្មសិទ្ធិរបស់ឈ្មួញទិញឈ្មោះ Sỹ Nhộc Pẩu ដែលរកស៊ីគ្មានច្បាប់អនុញ្ញាតនោះទេ។

ទោះយ៉ាងណាអ្នកបរិស្ថានម្នាក់បានរាយការណ៍ថា ដើមឡើយទម្ងន់ដំបូងដែលគេរកឃើញគឺលើសពី ២តោន ប៉ុន្តែដោយមានបរិមាណច្រើន និងមានភាពកខ្វក់ អ្នកបរិស្ថានបាននាំវាទៅរោងចក្រប្រព្រឹត្តកម្មកាកសំណល់នៅដុងណៃដើម្បីដោះស្រាយ។ យោងតាមរបាយការណ៍របស់កាសែតឡាវដុងបញ្ជាក់ថា ចំនួនម៉ាស់ទាំងនេះត្រូវបានរក្សាទុកនៅក្នុងបាវធំតូចជាច្រើន។ ក្នុងចំណោមនោះមានម៉ាស់ខ្លះមានស្នាមប្រឡាក់ ស្នាមជ្រួញ គ្មានការវេចខ្ចប់ ប៉ុន្តែពេលកែច្នៃរួចពួកគេនឹងធ្វើការខ្ចប់ម៉ាស់ទាំងនោះក្នុងបាវហើយលក់បន្តទៀត៕













អត្ថបទ៖ លីដា
ប្រភព៖ ឡាវដុង