ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សិស្សអាស៊ីនៅទីក្រុងឡុងម្នាក់ត្រូវបានគេវាយជាំមុខ ដោយសារការរើសអើងវីរុស COVID-19 ចំពោះជនជាតិអាស៊ី

    BY autoadmin March 3, 2020
    សិស្សអាស៊ីនៅទីក្រុងឡុងម្នាក់ត្រូវបានគេវាយជាំមុខ ដោយសារការរើសអើងវីរុស COVID-19 ចំពោះជនជាតិអាស៊ី

    និស្សិតជនជាតិសិង្ហបុរីម្នាក់ ដែលរស់នៅទីក្រុងឡុងបាននិយាយថា គាត់ត្រូវបានគេវាយធ្វើបាបបន្ទាប់ពីគាត់បានសម្លឹងមុខពួកបរទេសប៉ុន្មាននាក់ នៅពេលដែលពួកគេនិយាយពីវីរុស COVID-19 ក្នុងន័យរើសអើងជាតិសាសន៍។ លោក Jonathan Mok អាយុ ២៣ឆ្នាំ បាននិយាយថា អំឡុងពេលគាត់កំពុងដើរនៅតាមដងផ្លូវ Oxford ក្នុងទីក្រុងឡុង កាលពីថ្ងៃទី២៤ ខែកុម្ភៈ គាត់បានឮបរទេសមួយក្រុមបាននិយាយគ្នាអំពី «វីរុសកូរ៉ូណា» ។ បន្ទាប់មកគាត់ក៏បានមើលមុខពួកគេវិញ ពីព្រោះគាត់មិនចង់ឱ្យពួកបរទេសនោះគិតថាគាត់ខ្លាច ហើយថា «ជនជាតិអាស៊ីមិនងាយស្រួលធ្វើបាប» នោះទេ។

    លោកបានប្រាប់ CNA នាថ្ងៃអង្គារ ទី០៣ ខែមីនា នេះថា៖ “ខ្ញុំពិតជាមានអារម្មណ៍ខឹងណាស់…វាគឺជារឿងគួរឱ្យអស់សំណើច ដែលជនជាតិអាស៊ីត្រូវបានគេចាត់ទុកជាមុខសញ្ញា”។ លោក Jonathan Mok បានរស់នៅទីក្រុងឡុងអស់រយៈពេល ២ឆ្នាំ ខណៈពេលកំពុងសិក្សានៅសាកលវិទ្យាល័យ UCL ប៉ុន្តែធ្លាប់បានធ្វើដំណើរត្រឡប់ទៅប្រទេសសិង្ហបុរីវិញក្នុងឱកាសវិស្សមកាលរដូវក្តៅរបស់គាត់។

    ពេលដែល Jonathan Mok មើលមុខក្រុមយុវជនទាំងនោះ ពួកគេក៏ស្រែកដាក់គាត់វិញថា «កុំហ៊ានមើលមុខយើង, ឯង… » ពាក្យចុងក្រោយគាត់ស្ដាប់មិនបានទេ ដោយសារការសង្កត់សំឡេងរបស់ពួកគេ។ លុះបន្ទាប់មកគាត់ក៏ត្រូវបានគេវាយ ដោយពួកនោះមានគ្នាប្រហែល ៣​ទៅ​៤នាក់ មានស្រីម្នាក់ផងដែរ។ ម្នាក់ក្នុងចំណោមនោះបាននិយាយថា៖ «យើងមិនចង់បានវីរុសកូរ៉ូណារបស់ឯងនៅក្នុងប្រទេសរបស់យើងទេ» ហើយបន្ទាប់មកក៏ដាល់គាត់បន្ថែមទៀត ដែលបណ្តាលឱ្យគាត់បែកមុខ បែកច្រមុះ ឈាមហូរពេញដី៕

    អត្ថបទ៖ លីដា

    Share This Post: