លោក ដូណាល់ ត្រាំ ប្រកាសស្នើថវិកា ៨.៥ ពាន់លានដុល្លារ ដើម្បីទប់ទល់នឹងវីរុស COVID-19
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងអំពីការស្នើសុំថវិកាសង្គ្រោះបន្ទាន់ធំជាងគម្រោងចាស់ ៣ដង ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុស COVID-19 ដល់ទៅ ៨.៥ពាន់លានដុល្លារ។ លោកប្រធានាធិបតីបានធ្វើអត្ថាធិប្បាយនៅក្នុងកិច្ចប្រជុំមួយ ជាមួយមន្រ្តីមកពីទូទាំងប្រទេសកាលពីថ្ងៃអង្គារ ដោយបាននិយាយថា៖ «យើងកំពុងធ្វើការជាមួយសភាយ៉ាងជិតស្និទ្ធ ដើម្បីអនុម័តច្បាប់បន្ថែមដែលធានាថា មន្ទីរសុខាភិបាលរដ្ឋ និងស្រុកទទួលបានអ្វីគ្រប់យ៉ាងដែលពួកគេត្រូវការ»។

កាលពីចុងខែមុនរដ្ឋបាលរបស់លោក ត្រាំ បានស្នើសុំឱ្យសភាអនុម័តថវិកាបន្ទាន់ចំនួន ២.៥ពាន់លានដុល្លារ ក្នុងគោលបំណងទប់ស្កាត់ការរាលដាលនៃវីរុស COVID-19 ។ ប៉ុន្តែទោះយ៉ាងណាតំណាងរាស្ត្រគណបក្សប្រឆាំង បានរិះគន់ថាចំនួននេះវាមិនគ្រប់គ្រាន់ទេ។ ពួកគេបានអំពាវនាវឱ្យមានចំនួនច្រើនជាងនោះ ព្រោះចំនួនអ្នកឆ្លងជំងឺនៅសហរដ្ឋអាមេរិកនៅតែបន្តកើនឡើង។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ច្បាប់នេះអាចត្រូវបានអនុម័តដោយសភាយ៉ាងលឿនត្រឹមសប្តាហ៍នេះ៕

អត្ថបទ៖ លីដា