ពុទ្ធោដើម្បីគ្រួសារ! បុរសចំណាស់ម្នាក់ខំរកលុយទាំងខ្លួនឈឺ រហូតស្លាប់លើម៉ូតូលក់ការ៉េមកី
ឥណ្ឌូនេស៊ី៖ ឪពុកម្តាយរបស់យើងខិតខំប្រឹងប្រែងដើម្បីផ្តល់នូវជីវិតល្អបំផុតសម្រាប់យើងហើយពេលខ្លះយើងមិនដែលដឹងថាពួកគេលះបង់ច្រើនប៉ុណ្ណាដើម្បីឲ្យយើងសុខស្រួល។ មិនថាពួកគេនឿយហត់យ៉ាងណាក៏ដោយ ពួកគេតែងតែបង្ហាញទឹកមុខញញឹមនិងក្លាហានដើម្បីកុំអោយកូនៗមើលឃើញពីការរងទុក្ខរបស់ពួកគេ។ ជាក់ស្តែងបុរសនេះបានបង្ហាញយើងពីការខិតខំក្នុងនាមជាឪពុកម្នាក់ដែលខិតខំយ៉ាងខ្លាំងដើម្បីឱ្យគ្រួសាររបស់គាត់អាចមានជីវិតប្រសើរជាងហើយថែមទាំងមិនយកចិត្តទុកដាក់ចំពោះសុខភាពនិងសុវត្ថិភាពរបស់គាត់ទៀតផង។

ដោយលោក Misyanto អាយុ៦៦ឆ្នាំ ត្រូវបានប្រជាជនក្នុងតំបន់ប្រទះឃើញស្លាប់នៅលើម៉ូតូរបស់គាត់នៅឯ Desa Ledokombo រដ្ឋ East Jawa ប្រទេសឥណ្ឌូនេស៊ី។ យោងតាមសារព័ត៌មាន Suara Indonesia បានរាយការណ៍ថាបុរសចំណាស់រូបនេះបានស្លាប់ដោយសារតែធ្វើការហួសប្រមាណ ខណៈដែលគាត់មិនអើពើនឹងភាពនឿយហត់ដែលគាត់ត្រូវលក់ការ៉េមដើម្បីផ្គត់ផ្គង់គ្រួសារ។ យោងតាមសម្តីរបស់ក្រុមគ្រួសារនៃសពបាននិយាយថាជនរងគ្រោះបានត្អូញត្អែរពីការឈឺក្បាលនិងពិបាកដកដង្ហើម តែគាត់នៅតែចេញទៅលក់ការ៉េម។ ក្រោយធ្វើកោសល្យវិច្ច័យសមត្ថកិច្ចមិនបានឃើញសញ្ញាអ្វីទាក់ទងនឹងអំពើឃាតកម្ម ឬចោរកម្មអ្វីឡើយ ដោយទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ជនរងគ្រោះមិនមានការបាត់បង់ឡើយ៕


ដោយ៖ ណារ៉ែន