ក្តីសុខរបស់ Gamer! ជប៉ុន ចេញលក់គ្រែពិសេសមួយសម្រាប់អ្នកលេងហ្គេម អាចគេងផងនិងលេងហ្គេមផងបានយ៉ាងស្រួល
ជប៉ុន៖ ក្រុមហ៊ុនផលិតគ្រឿងសង្ហារិមរបស់ជប៉ុនទើបតែរចនាគ្រែពិសេសមួយសម្រាប់អ្នកចូលចិត្តលេងហ្គេមក្នុងរយៈពេលយូរ ដែលគ្រែនេះអាចអនុញ្ញាតឲ្យអ្នកលេងហ្គេមអាចគេងបណ្ដើរនិងលេងហ្គេមបណ្ដើរផងយ៉ាងមានផាសុខភាពបំផុត។ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Nextshark បានបង្ហាញថា គ្រែពិសេសនេះមានផ្នែកខាងចុងជើងដូចគ្នាទៅនឹងតុដាក់កុំព្យូទ័រអីចឹងដែរ ពោលគឺមានរាងដូចតុតូចមួយដែលមានរចនាកន្លែងដាក់អេក្រង់កុំព្យូទ័រ កន្លែងតភ្ជាប់ចរន្តអគ្គិសនីជាមួយនឹងម៉ាស៊ីកុំព្យូទ័រ និងកន្លែងដាក់ឧបករណ៍បំពងសំឡេងផងដែរ។ នៅផ្នែកចំហៀងគ្រែមានបំពាក់កន្លែងសម្រាប់ដាក់ក្តារចុចកំព្យូទ័រ ដាក់របស់ញ៉ាំ ឬដៃសម្រាប់ចុចលេងហ្គេម។

ចំពោះផ្នែកក្បាលគ្រែវិញលោកអ្នកអាចដាក់នាឡិការោទ៍ ឬអំពូលបាន ហើយអ្វីដែលពិសេសនោះមានដងសម្រាប់ដាក់ទូរស័ព្ទមើលទៀតផង។ ដោយឡែកនៅផ្នែកកណ្តាលវិញវាគឺជាគ្រែពូកសម្រាប់គេងដ៏មានផាសុខភាពមួយ ហើយបើលោកអ្នកមិនចង់គេងទេ លោកអ្នកក៏អាចផ្លាស់ប្តូរវាទៅអង្គុយលេងដូចធម្មតាបានផងដែរ។ បើតាមប្រភពខាងលើបានបញ្ជាក់ថា គ្រែពិសេសនេះត្រូវបានដាក់លក់ក្នុងតម្លៃ ១២៦ ៣០០ យេន (១ ១៧៧ ដុល្លារអាម៉េរិក)។ លោកអ្នកអាចពិនិត្យមើលគ្រែពិសេសនេះដូចក្នុងរូបភាពខាងក្រោម៖
អត្ថបទ៖ភក្តី








