ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសចិននឹងប្រើថ្នាំរលាកសន្លាក់ Tocilizumab ដើម្បីព្យាបាលអ្នកឆ្លងវីរុស COVID-19

    BY autoadmin March 4, 2020
    ប្រទេសចិននឹងប្រើថ្នាំរលាកសន្លាក់ Tocilizumab ដើម្បីព្យាបាលអ្នកឆ្លងវីរុស COVID-19

    អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិននឹងប្រើថ្នាំរបស់ក្រុមហ៊ុន Roche Holding AG ដើម្បីព្យាបាលអ្នកដែលឆ្លងវីរុស COVID-19 មួយចំនួនដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់ Reuters។ គណៈកម្មការសុខភាពជាតិបាននិយាយថា ថ្នាំ Tocilizumab (Actemra) អាចត្រូវបានចេញវេជ្ជបញ្ជាទៅដល់អ្នកឆ្លងវីរុស COVID-19 ដែលមានសួតខូចខាតធ្ងន់ធ្ងរ និងបង្ហាញពីកម្រិតខ្ពស់នៃ​សារធាតុ Interleukin 6 ដែលវាអាចបង្ហាញពីការរលាក ឬជំងឺប្រព័ន្ធភាពស៊ាំ (immunological disease)។ កំណែចុងក្រោយនៃគោលការណ៍ណែនាំនៃការព្យាបាលរបស់វា ត្រូវបានផ្សព្វផ្សាយតាមអ៊ីនធឺណិត។ យោងតាមក្រុមហ៊ុន ​​Roche បានឱ្យដឹងថា ថ្នាំ Actemra អាចជួយទប់ស្កាត់ការរលាក ដែលទាក់ទងនឹងសារធាតុ Interleukin 6 ។ ទោះយ៉ាងណាមិនមានភ័ស្តុតាងនៃការសាកល្បងគ្លីនិកនៅឡើយទេថា ថ្នាំនេះនឹងមានប្រសិទ្ធិភាពលើអ្នកឆ្លង COVID-19 ។

    ថ្នាំ Actemra ឬ Tocilizumab ក៏មិនបានទទួលការយល់ព្រមពីរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិរបស់ប្រទេសចិន ដើម្បីលក់ចេញសម្រាប់អ្នកឆ្លងវីរុស COVID-19 នោះដែរ។ ក្រុមអ្នកស្រាវជ្រាវចិនថ្មីៗនេះបានចុះបញ្ជីការសាកល្បងព្យាបាលរយៈពេល ៣ខែ សម្រាប់ថ្នាំ Actemra ដែលនឹងជ្រើសរើសអ្នកឆ្លងវីរុសចំនួន ១៨៨នាក់ ហើយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែឧសភា នេះបើយោងតាមកំណត់ត្រាដែលបានបង្ហាញនៅលើមូលដ្ឋានទិន្នន័យនៃការចុះឈ្មោះព្យាបាលសាកល្បងរបស់ប្រទេសចិន។ ពេលនេះក្រុមហ៊ុន Roche Holding AG មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗទេ។ ប៉ុន្តែក្រុមហ៊ុនបាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួនបានបរិច្ចាគ Actemra ដែលមានតម្លៃស្មើ ១៤លានយ័ន (២.០២លានដុល្លារ) ក្នុងអំឡុងពេលខែកុម្ភៈ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Reuters

    Share This Post: