មានការភ័យខ្លាចថានឹងខ្វះខាតឱសថជាសកល ខណៈប្រទេសឥណ្ឌាកំពុងដាក់កម្រិតលើការនាំចេញថ្នាំរបស់ខ្លួន
មានការភ័យខ្លាចចំពោះការខ្វះខាតជាសកលសម្រាប់ថ្នាំធម្មតាមួយចំនួន បន្ទាប់ពីប្រទេសឥណ្ឌាបានកំណត់ការនាំចេញថ្នាំ ដោយសារតែវីរុស COVID-19 ។ ប្រទេសឥណ្ឌាដែលជាអ្នកផ្គត់ផ្គង់ឱសថធំជាងគេបំផុតនៅលើពិភពលោក បានដាក់កម្រិតការនាំចេញថ្នាំដែលផលិតដោយពួកគេ និងគ្រឿងផ្សំចំនួន ២៦មុខ។ ថ្នាំដែលដាក់កម្រិតរួមមាន «ថ្នាំប៉ារ៉ាសេតាមុល» ដែលជាថ្នាំបំបាត់ការឈឺចាប់ ដែលត្រូវបានគេប្រើយ៉ាងទូលំទូលាយបំផុតនៅលើពិភពលោក។ វាកើតឡើងដោយសារតែក្រុមហ៊ុនផលិតគ្រឿងឱសថជាច្រើននៅក្នុងប្រទេសចិននៅតែបិទ ឬកាត់បន្ថយទិន្នផលរបស់ខ្លួន។ ឥណ្ឌាផលិតឱសថដោយពឹងផ្អែកលើប្រទេសចិនស្ទើរតែ ៧០% នៃគ្រឿងផ្សំសកម្មនៅក្នុងថ្នាំរបស់ពួកគេ ហើយអ្នកជំនាញខាងឧស្សាហកម្មបានព្រមានថា ពួកគេនឹងអាចប្រឈមមុខនឹងកង្វះខាតប្រសិនបើការរីករាលដាលនៅតែបន្ត។

អ្នកវិភាគ Shaun Rein មកពីក្រុមស្រាវជ្រាវទីផ្សារចិនបានមានប្រសាសន៍ថា៖“សូម្បីតែថ្នាំដែលមិនត្រូវបានផលិតនៅក្នុងប្រទេសចិន ក៏ទទួលបានគ្រឿងផ្សំជាមូលដ្ឋានពីប្រទេសចិនដែរ។ នៅទូទាំងពិភពលោកនេះ វាអាចមានការខ្វះខាតប្រសិនបើចិន និងឥណ្ឌារងការវាយប្រហារ”។ វាក៏ស្របនឹងសម្ដីសេដ្ឋវិទូនាំមុខរបស់ Oxford Economic លោក Stephen Foreman ដែលបានប្រាប់ BBC ថា ភាពខ្វះខាតនៃគ្រឿងផ្សំពេលនេះកំពុងជំរុញឱ្យតម្លៃឡើងថ្លៃរួចទៅហើយ។ រដ្ឋាភិបាលឥណ្ឌាបានជំរុញឱ្យមានភាពស្ងប់ស្ងៀមចំពោះការប្រកាសរបស់ខ្លួន និងបាននិយាយថា មានស្តុកគ្រប់គ្រាន់សម្រាប់រយៈពេលរហូតដល់ ៣ខែ។ យោងតាមរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានឱ្យដឹងថា នៅឆ្នាំ២០១៨ ពួកគេបាននាំចូលឱសថឥណ្ឌាជិត ១ ភាគ ៤ នៃឱសថរបស់អាមេរិក និងច្រើនជាង ៣០% នៃគ្រឿងផ្សំថ្នាំ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC