សូមចូលរួមសោកស្ដាយ! អតីតប្រធានអង្គការសហប្រជាជាតិលោក Perez de Cuellar បានទទួលមរណភាពក្នុងវ័យ ១០០ឆ្នាំ
លោក Javier Perez de Cuellar ជាអ្នកការទូតជនជាតិប៉េរូ ដែលធ្លាប់បានដឹកនាំអង្គការសហប្រជាជាតិអស់រយៈពេល ១០ឆ្នាំ ពីអំឡុងឆ្នាំ ១៩៨១-១៩៩១ តាំងពីជំនាន់សង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ និងការដួលរលំនៃសហភាពសូវៀត។ គាត់បានទទួលមរណភាពក្នុងវ័យ ១០០ឆ្នាំ នៅក្នុងប្រទេសកំណើតរបស់គាត់ ដែលនៅទីនោះគាត់ក៏ធ្លាប់បម្រើការជានាយករដ្ឋមន្រ្តីផងដែរ។ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះ បានទទួលមរណភាពនៅប្រទេសប៉េរូនៅយប់ថ្ងៃពុធ។ បើតាមសម្ដីរបស់លោក Francisco Perez de Cuellarf ដែលជាកូនប្រុស បានប្រាប់វិទ្យុ RPP ថា៖ «ឪពុកខ្ញុំបានស្លាប់បន្ទាប់ពីជួបសប្តាហ៍ដ៏ស្មុគស្មាញមួយ។ គាត់បានស្លាប់នៅម៉ោង ៨និង០៩នាទី យប់មិញ ហើយកំពុងបិទភ្នែកទៅយ៉ាងស្ងប់សុខ»៕

លោក Antonio Guterres ប្រធានអង្គការសហប្រជាជាតិបច្ចុប្បន្ន ក៏ទើបតែបានជូនពរគាត់ក្នុងថ្ងៃខួបកំណើតគម្រប់ ១០០ឆ្នាំ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ថ្មីៗនេះប៉ុណ្ណោះ ប៉ុន្តែគួរឱ្យស្ដាយគាត់បានចែកឋាន ២អាទិត្យក្រោយមក។ គួរឱ្យដឹងដែរថា លោក Perez de Cuellar បានដឹកនាំអង្គការសហប្រជាជាតិតាមរយៈសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់ ការបញ្ចប់នៃសង្គ្រាមត្រជាក់ និងសង្គ្រាមស៊ីវិលនៅ El Salvador ។ បម្រើការបាន ២អាណត្តិ គាត់ត្រូវបានគេគោរពកោតសរសើរយ៉ាងទូលំទូលាយ និងត្រូវបានលើកទឹកចិត្តឱ្យឈរឈ្មោះក្នុងអណត្តិទី៣ ក្នុងឆ្នាំ១៩៩១ ប៉ុន្តែកាលនោះគាត់បានបដិសេធមិនធ្វើទៀតទេ។ គាត់ក៏បានបម្រើការជានាយករដ្ឋមន្រ្តីនៃប្រទេសប៉េរូ បានរយៈពេលខ្លីពីឆ្នាំ២០០០-២០០១ ផងដែរ៕



អត្ថបទ៖ លីដា