អ្នកដំណើររាប់ពាន់នាក់ត្រូវនៅជាប់គាំងលើនាវា Grand Princess របស់អាមេរិក ដោយសារនាវិកនិងអ្នកដំណើរមួយចំនួន បានបង្ហាញរោគសញ្ញាដូចជាឆ្លង COVID-19
មនុស្សរាប់ពាន់នាក់បានជាប់គាំងនៅលើនាវាទេសចរណ៍មួយ នៅឯឆ្នេរសមុទ្រកាលីហ្វ័រញ៉ា កាលពីថ្ងៃពុធទី០៤ ខែមីនា ក្រោយមានការភ័យខ្លាចពីវីរុស COVID-19 បន្ទាប់ពីអ្នកដំណើរ និងសមាជិកនាវិកនៅលើនាវាបានវិវត្តចេញរោគសញ្ញា។ ក្រុមមន្រ្តីបានពន្យាពេលការវិលត្រឡប់របស់នាវា Grand Princess ទៅសាន់ហ្វ្រាន់ស៊ីស្កូនៅយប់ថ្ងៃពុធនេះ ខណៈនាវាទើបតែចេញពីកោះហាវ៉ៃ ដើម្បីអនុវត្តការធ្វើចត្តាឡីស័កសម្រាប់អ្នកនៅលើនាវាដែលអាចមានឆ្លងវីរុស។ កប៉ាល់នេះមានផ្ទុកអ្នកដំណើរប្រហែល ២,៥០០នាក់ បូករួមទាំងនាវិក។

មូលហេតុដែលអ្នកដំណើរត្រូវជាប់គាំង ដើម្បីធ្វើចត្តាឡីស័កគឺដោយសារមានអ្នកដំណើរម្នាក់ ដែលមានអាយុ ៧១ឆ្នាំ បានស្លាប់ដោយសារវីរុស COVID-19 នៅពេលធ្វើដំណើរទៅប្រទេសម៉ិចស៊ិកូ ហើយបុរសនោះជាករណីស្លាប់ដំបូងគេនៅរដ្ឋកាលីហ្វ័រញ៉ា។ កប៉ាល់នាពេលនេះកំពុងពន្យាពេលធ្វើដំណើរបន្តរបស់ខ្លួន ដើម្បីអាចឱ្យមន្ត្រីសុខាភិបាលអាចតាមដាន និងពិនិត្យអ្នកនៅលើនាវា ដែលអាចមានឆ្លងវីរុស COVID-19 នេះ។ គួរឱ្យដឹងដែរថា នាវានេះក៏ជានាវាក្រុមហ៊ុនតែមួយជាមួយនឹង Diamond Princess ដែលធ្លាប់បានជាប់គាំងនៅប្រទេសជប៉ុន និងមានការឆ្លងរាលដាលរហូតដល់ទៅជាង ៧០០នាក់ ៕



អត្ថបទ៖ លីដា