ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសកូរ៉េខាងត្បូង មានការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ជប៉ុន ដែលតម្រូវឱ្យពលរដ្ឋរបស់ខ្លួននៅដាច់ដោយឡែក ១៤ថ្ងៃសិន មុនចូលប្រទេសជប៉ុន

    BY autoadmin March 6, 2020
    ប្រទេសកូរ៉េខាងត្បូង មានការសោកស្ដាយចំពោះការសម្រេចចិត្តរបស់ជប៉ុន ដែលតម្រូវឱ្យពលរដ្ឋរបស់ខ្លួននៅដាច់ដោយឡែក ១៤ថ្ងៃសិន មុនចូលប្រទេសជប៉ុន

    តបទៅលើសេចក្តីប្រកាសរបស់រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសកូរ៉េខាងត្បូងបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់ជប៉ុន ក្នុងការតម្រូវឱ្យដាក់អ្នកដំណើរដែលមកពីកូរ៉េខាងត្បូងដាច់ដោយឡែករយៈពេលពីរសប្តាហ៍។ សេចក្តីប្រកាសរបស់រដ្ឋាភិបាលជប៉ុនគឺតម្រូវឱ្យភ្ញៀវទេសចរដែលមកពីចិនដីគោក ហុងកុង ម៉ាកាវ និងកូរ៉េខាងត្បូង ត្រូវស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ដើម្បីធ្វើឱ្យប្រាកដថាពួកគេមិនបានឆ្លងវីរុសនេះ។

    ក្រសួងរបស់កូរ៉េខាងត្បូងបានសម្តែងការសោកស្តាយ ហើយថាជាវិធានការមិនសមហេតុផល និងហួសហេតុពេក។ សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា ការពិគ្រោះយោបល់ដែលបានធ្វើឡើងរវាងប្រទេសទាំង ២ គឺមិនគ្រប់គ្រាន់នោះទេ។ វាបានបន្ថែមដែរថា អាទិភាពចម្បងរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងគឺសុខភាព និងសុវត្ថិភាពរបស់ប្រជាជនរបស់ខ្លួន ហើយទីក្រុងសេអ៊ូលអាចចាត់វិធានការឆ្លើយតបនឹងវិធានការរបស់ជប៉ុន។ ក្រសួងបានបង្ហើបថា ខ្លួនអាចបង្កើនកម្រិតប្រកាសអាសន្នការធ្វើដំណើរសម្រាប់ប្រទេសជប៉ុនដើម្បីជាការឆ្លើយតបនេះ។ ក្រសួងត្រៀមនឹងធ្វើការតវ៉ានៅថ្ងៃសុក្រនេះ ខណៈកោះហៅលោក Koji Tomita ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំប្រទេសកូរ៉េខាងត្បូងដើម្បីមកពិភាក្សាអំពីបញ្ហានេះ៕

    អទ្ថបទ៖ លីដា

    Share This Post: