រយៈពេល២០ឆ្នាំមកនេះ ព្រះសង្ឃចិត្តធម៌ ជួយសង្គ្រោះចិញ្ចឹម ផ្តល់ការអប់រំដល់ក្មេងៗអនាថា ដែលត្រូវឪពុកម្តាយបោះបង់ចោល ចំនួនជាង ១០០នាក់
ថៃ៖ រយៈពេល២០ឆ្នាំមកហើយព្រះសង្ឃចិត្តធម៌មួយអង្គនៅប្រទេសថៃបានលះបង់ដើម្បីជួយសង្គ្រោះកុមារគ្មានផ្ទះសម្បែងនិងផ្តល់ឱកាសឱ្យពួកគេរស់នៅក្នុងពិភពលោកនេះ។ យោងតាមការចុះផ្សាយរបស់ Sin Chew Daily បានឲ្យដឹងថា ព្រះសង្ឈចិត្តធម៌ ព្រះនាម Long Po បានជួយសង្គ្រោះទារកដែលត្រូវបានគេបោះបង់ចោលជាង ១០០ នាក់នៅតាមដងផ្លូវក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះនិងបានផ្តល់ការអប់រំដល់កុមារទាំងនេះ។

អ្វីដែលធ្វើឱ្យគាត់ចាប់ផ្តើមអំពើសប្បុរសធម៌នេះ ដោយលើកដំបូងឡើងព្រះអង្គបានជួបជាមួយក្មេងដែលមានអាយុប្រហែល ៤ ឬ ៥ ឆ្នាំហើយគ្មានឪពុកម្តាយ កុមាររូបនោះក៏មានជំងឺផ្លូវចិត្តហើយកំពុងរស់នៅក្នុងស្ថានភាពលំបាកខ្លាំង។ ព្រះអង្គបានមានសង្ឃដីកាថាកុមារនេះបានរំលឹកគាត់ពីកុមារភាពដ៏លំបាក ហើយចាប់តាំងពីពេលនោះមកព្រះអង្គតែងតែចង់ធ្វើអ្វីមួយដើម្បីជួយកុមារទាំងនោះ។ ព្រះសង្ឈអង្គនេះដឹងថាជីវិតពិតជាលំបាកណាស់ ហើយក៏មិនអាចបើកភ្នែកឃើញក្មេងៗលំបាកវេទនានៅតាមដងផ្លូវឡើយ។

ដូច្នេះហើយ២០ឆ្នាំមកនេះ ព្រះសង្ឃចិត្តធម៌រូបនេះបានចិញ្ចឹមក្មេងកំព្រាដែលត្រូវគេបោះបង់ចោលចំនួនជាង ១០០នាក់។ ដោយព្រះរិហារដែលព្រះសង្ឃអង្គនេះគង់សព្វថ្ងៃជាបច្ច័យរបស់ម្តាយរបស់ព្រះអង្គ ដែលគាត់បានបរិច្ចាគដីប្រមាណ ជិត៣ហិចតា និងលក់ដីប្រមាណ៥ហិចតាទៀត ដើម្បីយកបច្ច័យមកសាងសង់ព្រះវិហារ រឿងរ៉ាវរបស់ព្រះសង្ឃចិត្តធម៌អង្គនេះធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតបានកោតសរសើរចំពោះភាពសប្បុរស និងការលះបង់របស់ព្រះអង្គអស់រយៈពេល ២០ ឆ្នាំមកហើយ៕


ដោយ៖ ណារ៉ែន