ថៃហាមមិនឲ្យនាវាទេសចរណ៍មួយចតក្នុងទឹកដីខ្លួន ព្រោះភ័យខ្លាចមានករណីចម្លងមេរោគ Covid-19
ថៃ៖ អាជ្ញាធរថៃសម្រេចហាមឃាត់មិនឲ្យនាវាទេសចរណ៍មួយចុះថតនៅលើទឹកខ្លួនឡើយ ព្រោះតែក្នុងចំណោមអ្នកដំណើរលើនាវាទាំងអស់នោះ មានអ្នកដំណើរ ៦៤ នាក់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលីកាលពីពេលថ្មីៗនេះ ដែលអ៊ីតាលីជាប្រទេសមានចំនួនអ្នកឆ្លងវីរុស COVID-19 ច្រើនបំផុតនៅក្នុងតំបន់អឺរ៉ុប។ នាវាទេសចរណ៍មួយនេះមានឈ្មោះថា Costa Fortuna ហើយបើតាមគម្រោងនាវានឹងត្រូវចុះថតនៅឯកោះកំសាន្តមួយក្នុងខេត្តភូកេត ភាគខាងត្បូងប្រទេសថៃ។ បើតាមអាជ្ញាធរខេត្តភូកេតបានឲ្យដឹងថា នាវា Costa Fortuna មានផ្ទុកមនុស្សសរុបចំនួន ២,៦១៥ នាក់ ក្នុងនោះមានអ្នកដំណើរជនជាតិអ៊ីតាលីចំនួន ២៨២នាក់ បារាំង ១៥១នាក់ អាឡឺម៉ង់ ២៣០នាក់ ចិន ៣នាក់ និងសិង្ហបុរី ២នាក់ ហើយក្រៅពីនេះគឺជាក្រុមការងារបម្រើការងារលើនាវាចម្រុះជាតិសាសន៍គ្នាផងដែរ។

អ្វីដែលជាការព្រួយបារម្ភរបស់អាជ្ញាធរថៃនោះ គឺមានអ្នកដំណើរ ៦៤ នាក់ ទើបតែបានត្រលប់មកពីប្រទេសអ៊ីតាលីវិញកាលពី ២សប្តាហ៍មុននេះ ដូចនេះហើយទើបគេត្រូវតែការពារក្រែងអ្នកដំណើរទាំង ៦៤នាក់នោះបានឆ្លងនូវវីរុស COVID-19។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញអ្នកណាម្នាក់នៅលើនាវា Costa Fortuna មានបញ្ហាសុខភាពខុសប្រក្រតីនៅឡើយទេ។ គួរជម្រាបជូនថា ថៃមានអ្នកឆ្លងវីរុស COVID-19 ចំនួន ៤៨ ករណី ស្លាប់ ១ករណី និងព្យាបាលឲ្យជាសះស្បើយចំនួន ១៦ករណីផងដែរ៕
អត្ថបទ៖ ភក្តី

