ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយ COVID-19 នៅអ៊ីតាលីពេលនេះកើនដល់ ៣៦៦នាក់ និងឆ្លងជាង ៧,០០០ ករណី

    BY autoadmin March 9, 2020
    ចំនួនអ្នកស្លាប់ដោយ COVID-19 នៅអ៊ីតាលីពេលនេះកើនដល់ ៣៦៦នាក់ និងឆ្លងជាង ៧,០០០ ករណី

    ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅប្រទេសអ៊ីតាលីបានកើនឡើងយ៉ាងហោចណាស់ ១៣៣នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ ដែលនាំឱ្យចំនួនសរុបកើនឡើងដល់ ៣៦៦។ ប្រទេសអ៊ីតាលីបានធ្វើចត្តាឡីស័កនៅតំបន់ Lombardy និងតំបន់ដែលរងផលប៉ះពាល់ខ្លាំង ដែលនេះវាធ្វើឱ្យរំខានដល់ប្រជាជនប្រមាណ ១៦លាននាក់ ខណៈខ្លួនបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយការផ្ទុះឡើងដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប។ ចលនានេះបានកើតឡើង ខណៈករណីថ្មីចំនួន ១,២៤៧ ត្រូវបានរកឃើញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ គិតត្រឹមថ្ងៃអាទិត្យនេះប្រទេសអ៊ីតាលីបានបញ្ជាក់ថា មានការឆ្លងចំនួន ៧,៣៧៥ ករណី។

    ទន្ទឹមនឹងនេះនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីត អាជ្ញាធរបានធ្វើចត្តាឡីស័កនៅតំបន់ភាគខាងកើត Qatif ក្នុងគោលបំណងដើម្បីទប់ស្កាត់វីរុសដែលរីករាលដាលយ៉ាងឆាប់រហ័ស។ ទីក្រុង Riyadh ក៏បាននិយាយដែរថា ខ្លួនកំពុងផ្អាកសាលា និងសាកលវិទ្យាល័យរដ្ឋ និងឯកជនទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃច័ន្ទរហូតដល់មានការជូនដំណឹងបន្ថែម។ នៅថ្ងៃអាទិត្យនេះដែរ ប្រទេសអ៊ីរ៉ង់បានរាយការណ៍អំពីអ្នកស្លាប់ដោយសារវីរុស COVID-19 ចំនួន ៤៩នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់មានដល់ ១៩៤នាក់។ គួរឱ្យដឹងដែរថា ចំនួនបញ្ជាក់ពីវីរុស COVID-19 គឺលើសពី ១០៦,០០០នាក់ និងមានមនុស្សជិត ៣,៦០០នាក់ បានស្លាប់នៅទូទាំងពិភពលោក៕

    អត្ថបទ៖ លីដា

    Share This Post: