អាជ្ញាធរថៃរឹបអូសកាតពាក់-ក ប្រភេទនេះ ដែលឃោសនាថា អាចការពារពីវីរុស COVID-19
ក្រុមមន្រ្តីថៃបានរឹបអូសកាតការពារវីរុសប្រភេទនេះ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ដែលកាតនេះផ្ទាល់ត្រូវបានអះអាងថា អាចការពារអ្នកប្រើមិនឱ្យឆ្លងរោគ ពិសេសគឺវីរុស COVID-19 តែម្ដង។ កាតពាក់នឹងកទាំងនេះមិនត្រឹមតែជាការខ្ជះខ្ជាយលុយរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបង្កគ្រោះថ្នាក់ផងដែរ ដោយសារពួកគេមានលទ្ធភាពផលិតសារធាតុគីមីពុល។ នៅក្នុងការរឹបអូសនេះដែរ លោកឧត្តមសេនីយ៍ទោ Nattasak Chaonasai មកពីផ្នែកប៉ូលីសការពារអ្នកប្រើប្រាស់ (CPPD) បានចេញបញ្ជាដល់លោកវរសេនីយ៍ទោ Chananat Sarntawanpat និងមន្រ្តីពាក់ព័ន្ធដទៃទៀត មកពីរដ្ឋបាលចំណីអាហារនិងឪសថ ដើម្បីធ្វើការឆែកឆេរគេហដ្ឋានចែកចាយទាំងនោះ ជាមួយនឹងដីកាស្រាវជ្រាវដែលចេញដោយតុលាការខេត្តថានីបុរី។

ក្រុមមន្រ្តីបានត្រួតពិនិត្យផ្ទះមួយកន្លែងនៅ Thayaburi ខេត្ត Pathum Thani និងផ្ទះមួយផ្សេងទៀតនៅ Bang Khen ទីក្រុងបាងកក បន្ទាប់ពីមន្ត្រីត្រូវបានគេជូនដំណឹងថា ផ្ទះទាំងនេះកំពុងផ្ទុករបស់របរដែលអះអាងថាមានសមត្ថភាពការពារប្រឆាំងនឹងមេរោគ។ មុននេះអាជ្ញាធរក៏បានរឹបអូសផលិតផលដូចគ្នានេះកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០ ពោលគឺ ២ថ្ងៃ មុនការរកឃើញចុងក្រោយនេះ។ កាតទាំងនេះត្រូវបានលក់ក្នុងតម្លៃពី ៣០០-៥០០ បាត ដល់អតិថិជន។ អ្នកលក់នឹងធ្វើការផ្សព្វផ្សាយដល់អតិថិជនថា កាតនេះដាក់សារធាតុគីមីដែលអាចសម្លាប់បាក់តេរី និងវីរុសអណ្តែតជុំវិញអ្នកពាក់វា ហើយវាពិតជាមានប្រសិទ្ធភាពណាស់ ដែលអ្នកមិនចាំបាច់ពាក់ម៉ាស់វេជ្ជសាស្ត្រនោះទេ។ ទាំងនេះគឺជាការអះអាងមិនពិត ដែលបោកប្រាស់អ្នកទិញយ៉ាងទូលំទូលាយ។
ឈ្មោះម៉ាស់នេះគឺ “Virus Shut Out” វាមើលទៅដូចជាកាតបុគ្គលិកដែលអ្នកពាក់នៅក។ ក្រុមមន្រ្តីបានរកឃើញបុរស ២នាក់ ឈ្មោះ Note និង M ដែលកំពុងយាមផលិតផលនៅក្នុងផ្ទះរឹបអូសទំនិញនោះ។ បុរសទាំង ២នាក់ បានបញ្ជាក់ថា ខ្សែកនេះត្រូវបានលក់ក្នុងតម្លៃ ៤០០បាត ក្នុងមួយកាត។ រដ្ឋបាលចំណីអាហារនិងឪសថ (FDA) កំពុងធ្វើតេស្តផលិតផល ដើម្បីដឹងថាតើវាមានផ្ទុកក្លរីនឌីអុកស៊ីត ឬអត់ ព្រោះថាសារធាតុនេះប្រើច្រើនគឺពុល។ ជម្រាបដែរថានេះមិនមែនជាផលិតផលតែមួយគត់ ដែលអះអាងថាសម្លាប់វីរុស COVID-19 នោះទេ។ អ្នកលក់តាមអ៊ិនធឺណេតជាច្រើនកំពុងផ្សព្វផ្សាយផលិតផលមិនពិត ដូចជាប៊ិច កង្ហារ និងទំនិញផ្សេងទៀត។ ក្រុមមន្រ្តីមានការព្រួយបារម្ភថា អតិថិជនដែលជឿលើឃោសនា នឹងពាក់ខ្សែកទាំងនេះ ហើយបោះចោលនូវវិធានការណ៍ការពារអនាម័យប្រឆាំងនឹងការឆ្លងវីរុស ដូចជាការពាក់ម៉ាស់វេជ្ជសាស្រ្ត និងការលាងដៃឱ្យបានញឹកញាប់៕


អត្ថបទ៖ លីដា
ប្រភព៖ Thairesidents