អ្នកជំនាញសិង្ហបុរីបញ្ជាក់ថា វីរុស COVID-19 អាចសាយភាពតាមរយៈម៉ាស៊ីនត្រជាក់
សិង្ហបុរី៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Dailymail បានបង្ហាញថា វីរុស COVID-19 អាចមាននៅក្នុងខ្យល់ ហើយមេរោគមួយនេះថែមទាំងអាចសាយភាយតាមរយៈម៉ាស៊ីនត្រជាក់ទៀតផង។ សេចក្តីរាយការណ៍ខាងលើបានធ្វើឡើងតាមការអះអាងរបស់ក្រុមអ្នកជំនាញនៅមជ្ឈមណ្ឌលជាតិសម្រាប់ជំងឺឆ្លងក្នុងប្រទេសសិង្ហបុរី ដែលបានតាមដាននិងសិក្សាយ៉ាងស៊ីជម្រៅអំពីបរិយាកាសនៅក្នុងបន្ទប់របស់ជនរងគ្រោះ ដែលបានឆ្លងវីរុស COVID-19 ។

បើតាមអ្នកជំនាញសិង្ហបុរីបានឲ្យដឹងថា គេបានវិភាគនៅក្នុងបន្ទប់មួយ ដែលមានអ្នកជំងឺចំនួន ៣នាក់ ហើយលទ្ធផលបានបង្ហាញថា វីរុសមានជាប់ក្នុងបំពងខ្យល់របស់ម៉ាស៊ីនត្រជាក់ ហើយនៅពេលដែលម៉ាស៊ីនត្រជាក់ដំណើរការវីរុសក៏អាចសាយភាពតាមកម្លាំងខ្យល់របស់ម៉ាស៊ីនត្រជាក់ផងដែរ ព្រោះថាមិនទាន់មានការសិក្សាណាបានយល់ថា វីរុសនេះមានទំហំតូចប៉ុនណានោះទេ។
យ៉ាងណាក្តីនេះគ្រាន់តែជាករណីមួយដែលរកឃើញដោយក្រុមអ្នកជំនាញនៅសិង្ហបុរីប៉ុណ្ណោះ តែសម្រាប់នៅជុំវិញពិភពលោកវិញនៅមិនទាន់ការអះអាងដូចនេះនៅឡើយទេ។ គួរជម្រាបជូនថា គិតមកទល់នឹងពេលនេះអ្នកឆ្លងវីរុស COVID-19 នៅជុំវិញពិភពលោកមានចំនួនសរុបចំនួន 114,415 ករណី ស្លាប់ចំនួន 4,026 ករណី និងអ្នកជាសះស្បើយមានចំនួន 64,081 ករណីផងដែរ៕

