អាមេរិកមានករណីឆ្លងវីរុស COVID-19 សរុបរហូតដល់ទៅ ៥០០នាក់ ខណៈអ្នកស្លាប់កើនដល់ ២១នាក់
ចំនួនករណីឆ្លងវីរុស COVID-19 នៅអាមេរិកបានកើនឡើងដល់ ៥០០នាក់ កាលពីថ្ងៃអាទិត្យ រួមទាំងការស្លាប់បន្ថែម ២នាក់ទៀត ខណៈដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានការពាររដ្ឋបាលរបស់ខ្លួនថា រដ្ឋបាលរបស់លោកមាន “ការសម្របសម្រួល” ឥតខ្ចោះចំពោះការរាលដាលនៃវីរុសនេះ។ ការកើនឡើងនេះបានកើតឡើងនៅពេលដែលក្រុមគ្រូពេទ្យ បានទៅធ្វើតេស្ដអ្នកដំណើរនៅកប៉ាល់ទេសចរណ៍មួយ នៅឯឆ្នេរសមុទ្រកាលីហ្វ័រញ៉ា ដើម្បីពិនិត្យអ្នកដំណើរមុនពេលចុះចត។

ក្នុងនោះផងដែរសមាជិកព្រឹទ្ធសភាលោក Ted Cruz បានឈានដល់ការធ្វើចត្តាឡីស័កខ្លួនឯង បន្ទាប់ពីគាត់បានចាប់ដៃជាមួយមនុស្សដែលឆ្លងជំងឺ។ ហើយខណៈពេលនេះរដ្ឋចំនួន ៣០ របស់សហរដ្ឋអាមេរិកត្រូវបានរងគ្រោះដោយសារវីរុសនេះ ដោយរដ្ឋ Oregon បានប្រកាសអាសន្នចុងក្រោយគេបង្អស់ ហើយប្រជាជន ៦០លាននាក់ នៅរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉កកំពុងស្ថិតក្រោមវិធានការតឹងរឹង។ មានមនុស្ស ២នាក់ បន្ថែមទៀតនៅទីក្រុង Seattle ត្រូវបានគេរាយការណ៍ថាស្លាប់ កាលពីថ្ងៃអាទិត្យ ដែលនាំឱ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសមានយ៉ាងហោចណាស់ ២១នាក់៕




We have a perfectly coordinated and fine tuned plan at the White House for our attack on CoronaVirus. We moved VERY early to close borders to certain areas, which was a Godsend. V.P. is doing a great job. The Fake News Media is doing everything possible to make us look bad. Sad!
— Donald J. Trump (@realDonaldTrump) March 8, 2020
អត្ថបទ៖ លីដា