សហរដ្ឋអាមេរិកពេលនេះ មានអ្នកឆ្លងវីរុស COVID-19 កើនឡើងដល់ជាង ៧០០ករណី
វិបត្តិនៃការឆ្លងវីរុស COVID-19 បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងនាពេលថ្មីៗនេះ នៅពេលដែលករណីនៅអាមេរិកបានកើនឡើងយ៉ាងខ្លាំង។ សហរដ្ឋអាមេរិកពេលនេះមានអ្នកឆ្លងវីរុស COVID-19 រហូតដល់ទៅ ៧១៧ករណី នេះបើយោងតាមទីភ្នាក់ងារសុខភាពរដ្ឋ, រដ្ឋាភិបាល និងមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺសហរដ្ឋអាមេរិក (CDC) ។ យោងតាម CDC បានឱ្យដឹងថា ពេលនេះអាមេរិកមានករណីចំនួន ៤៩ ចេញពីពលរដ្ឋដែលត្រូវបានបញ្ជូនត្រឡប់ពីបរទេសវិញ, ៣ករណី មកពីទីក្រុងវូហានដែលជាចំណុចកណ្តាលនៃការផ្ទុះនៃវីរុស និង ៤៦ករណី មកពីកប៉ាល់ទេសចរណ៍ Diamond Princess ដែលចតនៅប្រទេសជប៉ុន។

យ៉ាងហោចណាស់មានមនុស្ស ២៦នាក់ បានស្លាប់ដោយសារវីរុសនៅសហរដ្ឋអាមេរិក ដែលមាន ២២នាក់ នៅរដ្ឋវ៉ាស៊ីនតោន, ២នាក់នៅរដ្ឋផ្លរីដា និង ២នាក់ នៅរដ្ឋកាលីហ្វ័រញ៉ា។ ឥឡូវនេះមានរដ្ឋចំនួន ៣៦ ដែលមានករណីឆ្លងវីរុសនេះ។ យោងតាមតួលេខពីមន្រ្តីសុខាភិបាលក្នុងតំបន់រដ្ឋ និងសហព័ន្ធបានឱ្យដឹងថា នៅទូទាំងប្រទេសចំនួនករណីឆ្លងបានកើនឡើងដល់ ៧១៧ ករណី ដែលកើនជាង ១៥០ករណី ចាប់តាំងពីថ្ងៃអាទិត្យ។ ភាគច្រើននៃការស្លាប់ ហាក់ដូចជាពាក់ព័ន្ធនឹងអ្នកឆ្លងដែលមានអាយុចាប់ពី ៧០ឆ្នាំឡើងទៅ ដោយផ្អែកលើព័ត៌មានដែលផ្តល់ដោយអាជ្ញាធរសុខាភិបាល៕

អត្ថបទ៖ លីដា