ជប៉ុននឹងពិន័យអ្នកទិញម៉ាស់យកទៅលក់បន្ដក្នុងតម្លៃថ្លៃជ្រុល ហើយពិន័យជាប្រាក់ ២៨,៧០០ដុល្លាអាមេរិក ឬជាប់ពន្ធនាគារ ៥ឆ្នាំ
រដ្ឋាភិបាលជប៉ុននឹងធ្វើការហាមឃាត់អ្នកទិញម៉ាស់យកទៅលក់បន្ដណាម្នាក់ ដែលលក់ម៉ាស់ក្នុងតម្លៃខ្ពស់ហួសប្រមាណ ចំពេលមានសកម្មភាពបែបនេះមានការកើនឡើងខ្លាំងតាមប្រព័ន្ធអ៊ីនធឺណេត ដោយសារវីរុស COVID-19 ហើយការហាមឃាត់នេះជាគោលបំណងធានាការផ្គត់ផ្គង់ឱ្យមានស្ថេរភាព។ សេចក្តីសម្រេចដែលបានប្រកាសនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ កន្លងទៅ គឺផ្អែកលើច្បាប់ស្តីពីវិធានការណ៍បន្ទាន់ សម្រាប់ស្ថានភាពរស់នៅមានស្ថេរភាពរបស់សាធារណៈជន ដូចគ្នានឹងច្បាប់ដែលបានអនុម័តកាលពីឆ្នាំ១៩៧៣ (កាលជំនាន់មានវិបត្តិប្រេង) ដើម្បីធ្វើឱ្យតម្លៃផលិតផលមានស្ថេរភាព។

ខុទ្ទកាល័យរបស់នាយករដ្ឋមន្រ្តីលោក ស៊ីនហ្សូ អាបេ នឹងអនុម័តលើបទប្បញ្ញត្តិដែលបានកែសម្រួលនេះ ដើម្បីអនុវត្តវិធានការបន្ទាន់នៅថ្ងៃទី១០ ខែមីនា នេះផ្ទាល់ ហើយរដ្ឋាភិបាលនឹងហាមឃាត់ការលក់ម៉ាស់ក្នុងតម្លៃមិនស្មើភាពគ្នាចាប់ពីពាក់កណ្តាលខែមីនាតទៅ។ រដ្ឋាភិបាលកំពុងព្យាយាមការពារកុំឱ្យមានកលល្បិចបែបនេះ ដោយប្រើកម្លាំងតាក់តែងច្បាប់។ អាជីវកម្មនិងបុគ្គលដែលលក់ម៉ាស់បន្ត ដែលពួកគេបានទិញនៅតាមហាងលក់ថ្នាំ និងកន្លែងផ្សេងទៀតនឹងត្រូវបានហាមឃាត់។
អ្នកបំពានច្បាប់អាចបណ្តាលឱ្យជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ ឬពិន័យប្រាក់ជាអតិបរមា ៣លានយ៉េន (ប្រហែល ២៨,៧០០ដុល្លាអាមេរិក)។ ប៉ុន្តែយ៉ាងណាអ្នកចែកចាយនឹងនៅតែត្រូវបានអនុញ្ញាតឱ្យលក់ម៉ាស់នៅលើហាងអនឡាញផ្លូវការរបស់ពួកគេ។ ការហាមឃាត់នឹងត្រូវបានដកចេញ បន្ទាប់ពីការផ្គត់ផ្គង់ម៉ាស់មានស្ថេរភាព ហើយវីរុសបានចុះថយទៅវិញ៕


អត្ថបទ៖ លីដា