ពលករថៃដែលទើបត្រឡប់ពីកូរ៉េខាងត្បូង មិនពេញចិត្តនឹងរបៀបដាក់ឲ្យនៅដោយឡែក ដែលរដ្ឋាភិបាលពួកគេដាក់ឱ្យនោះទេ
នាព្រឹកថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០នេះ មានការបង្ហោះយ៉ាងគួរឱ្យភ្ញាក់ផ្អើលរបស់ពលករថៃម្នាក់ ដែលបានបង្ហាញពីស្ថានភាពកន្លែងស្នាក់នៅដាច់ដោយឡែក របស់ពលករថៃដែលទើបត្រឡប់ពីប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះវាបានបង្ហាញថា កន្លែងដែលពួកគេស្នាក់នៅស្ថិតនៅក្នុងពហុកីឡដ្ឋានមួយក្នុងខេត្ត Buriram ដោយមានការបោះតង់សម្រាប់ពួកគេរៀងៗខ្លួន តូចចង្អៀត គ្មានម៉ាស៊ីនត្រជាក់ ហើយហូបអាហារដែលទទួលបានពីមន្ត្រីប៉ុណ្ណោះ។ ពលករម្នាក់នោះបានបង្ហោះទាំងវីដេអូ និងរូបភាព ទៅក្នុងបញ្ដាញសង្គម Facebook របស់ខ្លួន ហើយថែមទាំងត្អូញត្អែរពីវិធានការនេះទៀតផង។

ម្ចាស់គណនីឈ្មោះ Kanokwan Phuchada បានបង្ហោះរូបភាពនិងវីដេអូ ជាមួយនឹង Caption ថា៖ «តើយើងអាចរស់នៅទីនេះរយៈពេល ២សប្តាហ៍យ៉ាងដូចម្តេច? ស្លាប់ខ្ញុំហើយ។ បន្ទប់ដាច់ដោយឡែកមិនចាំបាច់ល្អពេកទេ ប៉ុន្តែវាក៏មិនគួរដូចនេះដែរ”។ គាត់បានបន្តថា៖ «កុំហៅវាថាជាការដាក់កម្រិតសុខភាព។ ព្រោះខ្ញុំមិនដឹងថាតើខ្ញុំនឹងមានជំងឺគ្រុនឈាមជំនួសវិញទេ?» តាមការឱ្យដឹងនៅក្នុងវីដេអូ កម្មករទាំងនេះគឺកំពុងត្រូវបានធ្វើចត្តាឡីស័កនៅខាងក្នុងពហុកីឡដ្ឋានអន្តរជាតិ Chang Chang ។
ហើយពេលនេះមន្ត្រីទំនាក់ទំនងសាធារណៈនៃអាជ្ញាធរខេត្ត Buriram ក៏បានឱ្យដឹងថា មន្រ្តីជាន់ខ្ពស់កំពុងប្រជុំនៅថ្ងៃនេះដើម្បីពិភាក្សាអំពីការទទូចរបស់ពលករទាំងនោះ។ លោក Siriporn Atapha បានមានប្រសាសន៍តាមទូរស័ព្ទថា“ អាជ្ញាធរខេត្តកំពុងបើកកិច្ចប្រជុំដើម្បីពិភាក្សាបញ្ហានេះ” ៕



អត្ថបទ៖ លីដា