សន្និសិទស្ដីពីវីរុស COVID-19 មួយនៅអាមេរិក ត្រូវបានលុបចោលទៅវិញដោយសារការរំខានពីវីរុស COVID-19
សហរដ្ឋអាមេរិក៖ ក្រុមប្រឹក្សាទំនាក់ទំនងបរទេស (CFR) បានលុបចោលនូវសន្និសិទ «Doing Business Under Coronavirus» ដែលគ្រោងធ្វើនៅថ្ងៃសុក្រ ទី១៣ ខែមីនា ក្នុងទីក្រុងញូវយ៉ក ដោយសារការរីករាលដាលនៃវីរុស COVID-19 នៅអាមេរិក។ CFR ក៏បានលុបចោលសន្និសីទដោយផ្ទាល់ផ្សេងទៀត ដែលត្រូវបានកំណត់ពេលចាប់ពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា រួមទាំងតុមូលនៅញូវយ៉ក, វ៉ាស៊ីនតោន និងព្រឹត្តិការណ៍ជាតិជុំវិញសហរដ្ឋអាមេរិក។ CFR ក៏បានលុបចោលការជួបជុំសម្រាប់ការតាំងពិព័រណ៍រថយន្តប្រចាំឆ្នាំនៅញូវយ៉ក ហើយពិព័រណ៍នោះផ្ទាល់ក៏ត្រូវពន្យារពេលដល់ខែសីហា។

ព្រឹត្តិការណ៍នានានៅទីក្រុងញូវយ៉កកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងដិតដល់ ដោយសារតែការកើនឡើងករណីនៅក្នុងទីក្រុង និងជាពិសេសការផ្ទុះឡើងនៅជាយក្រុងញូរ៉ូឆេល (New Rochelle)។ លោក Andrew Cuomo អភិបាលក្រុងបាននិយាយនៅក្នុងសន្និសីទកាសែតមួយថា ឆ្មាំជាតិនឹងត្រូវបានបញ្ជូនទៅទីក្រុង ដើម្បីជួយបិទកន្លែងប្រមូលផ្តុំសាធារណៈ ក្នុងគោលបំណងដើម្បីកាត់បន្ថយការរាលដាលនៃវីរុសនេះ។ នៅទូទាំងសហរដ្ឋអាមេរិក ការរីករាលដាលនៃវីរុសបានធ្វើឱ្យព្រឹត្តិការណ៍ធំៗជាង ៥០ ដែលរំពឹងថាមានការចូលរួមប្រមាណជិត ១លាននាក់ ត្រូវលុបចោលទៅវិញ។ នេះបើយោងតាមទិន្នន័យដែលទទួលបានដោយទីភ្នាក់ងារព័ត៌មាន Bloomberg ៕


អត្ថបទ៖ លីដា
ប្រភព៖ Bloomberg