បុរសម្នាក់ទៀតជាសះស្បើយពីជំងឺអេដស៍ ត្រូវបានគេរាយការណ៍ថា នេះជាករណីកម្រទី២ ដោយការព្យាបាលប្តូរកោសិកា
ការសិក្សាដែលចេញផ្សាយដោយទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet HIV បានបង្ហាញឱ្យដឹងកាលពីថ្ងៃអង្គារថា មានមនុស្សទី២ ដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺអេដស៍ ហើយជំងឺរបស់គាត់មិនរើឡើងវិញរយៈពេលជាង២ឆ្នាំមកហើយ។ កាលពីជាង ២ឆ្នាំមុន លោក Adam Castillejo អាយុ ៤០ឆ្នាំ ដែលមានឈ្មោះកូដ «អ្នកជំងឺទីក្រុងឡុងដ៍» បានឈប់ប្រើថ្នាំប្រឆាំងនឹងមេរោគអេដស៍ ដោយទទួលយកការព្យាបាលថ្មីមួយបែបផ្សេងទៀត។ គាត់បានទទួលការព្យាបាលដោយប្តូរកោសិកា សម្រាប់ការព្យាបាលមហារីកកូនកណ្តុរ (lymphoma) របស់គាត់ ហើយម្ចាស់ជំនួយរបស់គាត់មានបន្លាស់ហ្សែនម៉្យាង ដែលត្រូវបានគេស្គាល់ថា CCR5-delta 32 ។ អំឡុងពេលព្យាបាលមហារីកកូនកណ្តុរដោយការប្រើកោសិកាអ្នកបរិច្ចាគនោះ លោក Adam Castillejo ក៏បានជាសះស្បើយពីជំងឺអេដស៍នេះ ហើយតាំងពីនោះមកគាត់មិនត្រូវការថ្នាំជំនួយអ្វីឡើយ។

អេដស៍ (វីរុសភាពស៊ាំរបស់មនុស្ស) គឺជាវីរុសឆ្លងពេញមួយជីវិត ដែលវាយប្រហារប្រព័ន្ធភាពស៊ាំរបស់រាងកាយ ហើយអាចមានផលវិបាកដល់សុខភាព។ ទោះយ៉ាងណាវាមិនមានវិធីព្យាបាលជាក់លាក់ណាមួយ ដែលអាចព្យាបាលឱ្យជាដាច់បានឡើយទោះ ប៉ុន្តែវីរុសគ្រប់គ្រងបានដោយការរួមបញ្ចូលគ្នានៃថ្នាំមួយចំនួន ដែលត្រូវបានគេស្គាល់ថាជា Antiretroviral ដែលកាត់បន្ថយបរិមាណមេរោគក្នុងឈាមរបស់មនុស្ស ហើយវាអាចបង្ការបានដោយប្រើ PrEP ដែលត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក ក្នុងឆ្នាំ២០១២។
មិនដូចអ្នកជំងឺទី១ ឈ្មោះ Timothy Ray Brown នៅទីក្រុងប៊ែរឡាំងនោះទេ លោក Adam Castillejo បានទទួលការវះកាត់ប្តូរកោសិកាតែ ១ដង ជំនួសឱ្យ ២ដង ដូចលោក Timothy Ray Brown ហើយក៏មិនមានការព្យាបាលដោយកាំរស្មីចំពោះរាងកាយទាំងមូលរបស់គាត់ដែរ។ ការចុះផ្សាយនោះបានបង្ហាញថា លោក Adam Castillejo ជាតំណាងឱ្យជំហានឆ្ពោះទៅរកវិធីព្យាបាលថ្មីមួយដែលល្អិតល្អន់។ ប៉ុន្តែទោះយ៉ាងណា ការព្យាបាលបែបនេះមិនអាចប្រើបានគ្រប់គ្នានោះទេ វាមានហានិភ័យខ្ពស់ ហើយជាក់ស្ដែងអ្នកជំងឺទាំង ២ ដែលព្យាបាលជាសះស្បើយនេះ សុទ្ធតែជាប្រភេទអ្នកជំងឺអេដស៍ ដែលរងគ្រោះថ្នាក់ដល់ជីវិត និងមានជំងឺមហារីកកោសិកា (haematological malignancies) ផងដែរ។ ដោយហេតុថា លោក Castillejo ទើបតែជាអ្នកជំងឺទី២ ដែលទទួលការព្យាបាលដោយជោគជ័យ នៅក្នុងការសិក្សាដែលចុះផ្សាយនោះបានសម្គាល់ថា គាត់នឹងត្រូវការតាមដានបន្តទៀត ប៉ុន្តែមិនចាំបាច់មានការត្រួតពិនិត្យជាប្រចាំ ចំពោះលទ្ធភាពនៃវីរុសដែលអាចរើឡើងនោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ CNN