វេជ្ជបណ្ឌិតជាន់ខ្ពស់ក្នុងមន្ទីរពេទ្យក្រុងវូហានម្នាក់ទៀតបានស្លាប់បាត់បង់ជីវិត ដោយសារឆ្លង COVID-19
ចិន៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មានបរទេសបានឲ្យដឹងថា មានវេជ្ជបណ្ឌិតជាន់ខ្ពស់របស់ចិនម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិតក្នុងបុព្វហេតុជួយសង្គ្រោះអ្នកឆ្លងវីរុស COVID-19 រហូតដល់ខ្លួនឯងត្រូវឆ្លងមេរោគនិងស្លាប់ ព្រោះតែវីរុសដ៏កាចសាហាវមួយនេះដែរ។ វេជ្ជបណ្ឌិតរូបនេះមានឈ្មោះថា Zhu Heping អាយុ ៦៦ ឆ្នាំ មានតួនាទីជាអនុប្រធាននាយកដ្ឋានជំងឺភ្នែកក្នុងមន្ទីរពេទ្យបង្អែកក្រុងវូហាន។ ប្រភពខាងលើបានបញ្ជាក់ថា លោកវេជ្ជបណ្ឌិត Zhu Heping គឺជាមនុស្សម្នាក់ក្នុងចំណោមក្រុមគ្រូពេទ្យ ដែលហ៊ានទាញសញ្ញាប្រកាសអាសន្នអំពីការរាតត្បាតវីរុស COVID-19 ដំបូងគេ ពោលគឺតាំងពីពួកគាត់បានជួបករណីអ្នកឆ្លងវីរុសនេះលើកដំបូងម្លេះ។
គួរម្លឹកជូនថា គិតមកទល់នឹងពេលនេះ មានវេជ្ជបណ្ឌិត ៤ នាក់ហើយក្នុងចំណោមក្រុមគ្រូពេទ្យហ៊ានទាញសញ្ញាប្រកាសអាសន្នអំពីការរាតត្បាតវីរុស COVID-19 ដំបូងគេបានស្លាប់បាត់បង់ជីវិត ក្នុងនោះមនុស្សទី១ គឺលោកវេជ្ជបណ្ឌិត Li Wenliang ទី២ វេជ្ជបណ្ឌិត Zhu អាយុ ៥៧ ឆ្នាំ ទី៣ វេជ្ជបណ្ឌិត Mei Zhongming និងចុងក្រោយគឺលោកវេជ្ជបណ្ឌិត Zhu Heping នេះតែម្តង៕

លោកវេជ្ជបណ្ឌិត Zhu Heping

លោកវេជ្ជបណ្ឌិត Li Wenliang

វេជ្ជបណ្ឌិត Mei Zhongming
អត្ថបទ៖ភក្តី