ករណីកម្រ! លោកយាយវ័យ ១០៣ ឆ្នាំម្នាក់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០% ពីវីរុស Covid-19 ប្រើពេលមិនដល់១សប្តាហ៍ផង
ចិន៖ លោកយាយវ័យ ១០៣ ឆ្នាំម្នាក់ត្រូវបានអាជ្ញាធរសុខាភិបាលប្រចាំទីក្រុងវូហានរាយការណ៍ថា រូបគាត់ត្រូវបានគ្រូពេទ្យព្យាបាលឲ្យជាសះស្បើយ ១០០%ពីជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីបង្កឡើងដោយវីរុស COVID-19 ដោយប្រើរយៈពេលត្រឹមតែ ៦ ថ្ងៃប៉ុណ្ណោះ។ លោកយាយម្នាក់នេះមានឈ្មោះថា Zhang Guangfen ហើយរូបគាត់ត្រូវបានគេយកមកព្យាបាលក្នុងលក្ខខណ្ឌពិសេសមួយនៅក្នុងមន្ទីរពេទ្យបង្អែកក្រុងវូហានក្នុងអំឡុងពេល ដែលគាត់បានឆ្លងវីរុស។ ការជាសះស្បើយរបស់លោកយាយអាយុជាង ១០០ ឆ្នាំរូបនេះ បានក្លាយទៅជាករណីកម្រមួយក្នុងយុទ្ធនាការប្រឆាំងនឹងវីរុស COVID-19 ព្រោះលោកយាយគឺជាជនរងគ្រោះដែលមានអាយុច្រើនជាងគេបំផុត ដែលគេអាចព្យាបាលឲ្យជាសះស្បើយ ១០០% បាន។
គួរបញ្ជាក់ជូនថា កន្លងមកអ្នកដែលបានស្លាប់បាត់បង់ជីវិតដោយសារវីរុស COVID-19 ភាគច្រើនជាមនុស្សចាស់ជរា និងមនុស្សដែលមានជំងឺជាច្រើនមុខនៅខ្លួនស្រាប់មុនពេលបានឆ្លងវីរុសមួយនេះ។ ក្រៅតែពីករណីលោកយាយរូបនេះ កន្លងមកចិនក៏មានករណីកម្រផ្សេងមួយទៀតដែរ គឺមានក្មេងតូចអាយុត្រឹមតែ ២ឆ្នាំម្នាក់ បានឆ្លងវីរុស COVID-19 និងត្រូវបានគេព្យាបាលឲ្យជាសះស្បើយក្នុងរយៈពេលដ៏ខ្លីដូចគ្នាដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះនៅជុំវិញពិភពលោកទាំងមូលមានអ្នកឆ្លងវីរុស COVID-19 ចំនួនជាង ១២៦ ០០០ ករណី ស្លាប់ជាង ៤ ៦០០ ករណី និងព្យបាលជាសះស្បើយចំនួនជាង ៦៨ ០០០ ករណី ខណៈការគំរាមគំហែងដោយវីរុស COVID-19 នៅក្នុងប្រទេសចិនហាក់ឈានទៅរកភាពល្អប្រសើរជាងមុនច្រើន៕
អត្ថបទ៖ ភក្តី




