ក្រុមស្រាវជ្រាវតៃវ៉ាន់ជោគជ័យក្នុងការសំយោគថ្នាំ Remdesivir សារឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណា
ក្រុមស្រាវជ្រាវជនជាតិតៃវ៉ាន់ចំនួន ២ក្រុម បានជោគជ័យក្នុងការសំយោគថ្នាំ Remdesivir ដែលជាថ្នាំសម្រាប់ជំងឺអេបូឡាសារឡើងវិញ ដើម្បីអាចមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19។ នៅក្នុងព្រឹត្តិការណ៍សារព័ត៌មានមួយនាពេលថ្មីៗនេះ លោក Chein Rong-jie ជំនួយការស្រាវជ្រាវនៃវិទ្យាស្ថានគីមីវិទ្យា Sinica បាននិយាយថា ក្រុមស្រាវជ្រាវដែលមានសមាជិក ៧នាក់ របស់លោក បានចាប់ផ្ដើមធ្វើការស្រាវជ្រាវកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ និងបានបញ្ចប់ការសំយោគថ្នាំ Remdesivir (ក្នុងកម្រិត១០០មីលីក្រាម) សារឡើងវិញក្នុងរយៈពេល ២សប្តាហ៍ ដើម្បីទទួលបានកម្រិតភាពបរិសុទ្ធ ៩៧% ដែលអាចព្យាបាលអ្នកឆ្លងវីរុស COVID-19។

យោងតាមវិទ្យាស្ថានបានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រទាំង ៧នាក់ បានចំណាយពេល ១៤ថ្ងៃ ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីសំយោគថ្នាំ Remdesivir សារឡើងវិញ។ លោក Chein Rong-jie បាននិយាយថា ដោយសារតែកង្វះខាតវត្ថុធាតុដើមសម្រាប់សំយោគ Remdesivir សារឡើងវិញ លទ្ធផលមិនអាចទទួលបានភ្លាមៗកាលពីថ្ងៃទី០៦ ខែកុម្ភៈ កន្លងទៅនោះទេ។ ក្រុមនេះបានឆ្លងកាត់ជំហានស្មុគស្មាញជាង ១០ដង ដោយសារសមាសធាតុមួយចំនួន ចាំបាច់ត្រូវបន្សុតតាមបច្ចេកទេស (Recrystallization) ឱ្យបានច្បាស់លាស់ជាក់លាក់។ ទីបំផុតនៅថ្ងៃទី២០ ខែកុម្ភះ ក្រុមការងារសម្រេចបាននូវកម្រិតភាពបរិសុទ្ធ ៩៧%។
យោងទៅតាមលោក Chein Rong-jie ការងារសំយោគថ្នាំគឺពិបាក និងស្មុគស្មាញណាស់។ លោកបន្តថា ទោះបីពួកគេជាក្រុមមានគ្នាតែ ៧នាក់ក៏ដោយ ក៏ពួកគេម្នាក់ៗមានអារម្មណ៍ថា មានកាតព្វកិច្ចខ្ពស់ ខណៈទន្ទឹងរងចាំជួយរួមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលនៃ COVID-19។ មូលហេតុដែលពួកគេត្រូវការសំយោគថ្នាំ Remdesivir គឺដោយសាររបាយការណ៍មួយ ដែលត្រូវបានចេញផ្សាយនៅក្នុងគេហទំព័រគ្លីនិកវេជ្ជសាស្ត្រ New England Journal of Medicine (NEJM) បាននិយាយថា៖ “ថ្នាំ (Remdesivir ) នេះធ្លាប់ត្រូវបានគេរកឃើញថា បង្ហាញពីលទ្ធផលល្អនៅពេលប្រើលើអ្នកជំងឺអាមេរិកដំបូង ដែលបានឆ្លងវីរុស COVID-19។ អ្នកជំងឺក៏បានជាសះស្បើយ និងបានចេញពីមន្ទីរពេទ្យតាំងពេលនោះមក៕

អត្ថបទ៖ លីដា