អាមេរិកហាមមិនឲ្យទទួលទានផ្សិតម្ជុលប្រភេទនេះ ដោយសារមានផ្ទុកបាក់រីអាចបង្កគ្រោះថ្នាក់ដល់ជីវិត
អាមេរិក៖ យោងតាមសារព័ត៌មានអេឡិចត្រូនិច ABCactionnews ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរាយការណ៍ថា ផ្សិតម្ជុលដែលនាំចូលពីប្រទេសកូរ៉េខាងត្បូងមកលក់នៅក្នុងទីផ្សារអាមេរិកត្រូវបានគេរកឃើញថា មានផ្ទុកនូវបាក់តេរី Listeria។ បើតាមអ្នកជំនាញសុខភាពបានអះអាងថា បាក់តេរី Listeria គឺជាប្រភពចម្លងមេរោគដ៏ឆាប់រហ័សមួយ ដែលអាចបង្កឲ្យមានជំងឺធ្ងន់ធ្ងរជាច្រើនប្រភេទ ហើយក្នុងករណីខ្លះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកទទួលទានទៀតផង។ បើតាមប្រភពខាងលើបានអះអាង អាជ្ញាធរសុខាពិបាលប្រចាំរដ្ឋ Michigan សហរដ្ឋអាមេរិក គឺជាអ្នកដែលបានរកឃើញថា ផ្សិតម្ជុលរបស់កូរ៉េខាងត្បូងមានផ្ទុកនូវបាក់តេរី Listeria មុនគេ និងបានទាញសញ្ញាប្រកាសអាសន្នមុនគេផងដែរ។

នៅក្នុងរបាយការណ៍របស់អាជ្ញាធរសុខាពិបាលរដ្ឋ Michigan ក៏បានបង្ហាញថា មានប្រជាពលរដ្ឋអាមេរិក ៣០នាក់ហើយបានរងគ្រោះព្រោះតែបាក់តេរី Listeria នេះ ក្នុងនោះមាន ៤នាក់ត្រូវមានគ្រោះថ្នាក់ដល់ជីវិតទៀតផង។ អាជ្ញាធរសុខាពិបាលប្រចាំរដ្ឋ Michigan ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះការទទួលទានផ្សិតម្ជុល ដោយមុននឹងទិញវាយកមកញ៉ាំត្រូវពិនិត្យជាមុនសិន បើវាមើលទៅមានលក្ខណៈល្អប្លែកខុសពីផ្សិតធម្មតាកុំញ៉ាំវាអី ហើយក្នុងករណីដែលសង្ស័យថាហាងណាឬផ្សារមួយណាមានលក់ផ្សិតផ្ទុកបាក់តេរីនោះត្រូវរាយការណ៍ជូនអាជ្ញាធរជាបន្ទាន់ផងដែរ៕
អត្ថបទ៖ ភក្តី
