លោក Mikel Arteta អ្នកចាត់ការទូទៅរបស់ក្លឹបបាល់ទាត់ Arsenal បានឆ្លងវីរុស Covid-19
អង់គ្លេស៖ អ្នកចាត់ការទូទៅរបស់ក្លឹបបាល់ទាត់ Arsenal គឺលោក Mikel Arteta ត្រូវបានគេពិនិត្យរកឃើញថា រូបគាត់បានឆ្លងនូវមេរោគ Covid-19 ដែលការរកឃើញនេះត្រូវបានធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយក្របខណ្ឌបាល់ទាត់ Premier League ប្រកាសថា ការប្រកួតបាល់ទាត់នៅសប្តាហ៍ក្រោយនេះនឹងត្រូវរៀបចំឡើងជាធម្មតា។ ក្រោយការរកឃើញភាពវិជ្ជមាននៃមេរោគ Covid-19 ចំពោះអ្នកចាត់ការរូបនេះ កីឡាករបាល់ទាត់និងសមាជិកនៅក្នុងក្លឹបផ្សេងទៀត ដែលធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និតជាមួយនឹងលោក Mikel Arteta ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកជាបន្ទាន់ ដើម្បីតាមដានសុខភាពរបស់ពួកគេ។

គួរបញ្ជាក់ថា លោក Mikel Arteta គឺជាមនុស្សទីមួយនៅក្នុងក្របខណ្ឌបាល់ទាត់កំពូលអង់គ្លេស ដែលត្រូវបានគេរកឃើញថា បានឆ្លងនូវមេរោគ Covid-19។ សូមរម្លឹកជូនថា មេរោគ Covid-19 ផ្ដើមអុកឡុកក្របខណ្ឌបាល់ទាត់ Italy Serie A នៅប្រទេសអ៊ីតាលីមុនគេ ដោយការប្រកួតបាល់ទាត់ធំៗនៅក្នុងប្រទេសមួយនេះត្រូវបានរៀបចំឡើងដោយគ្មានអ្នកចូលទស្សនា ឬត្រូវពន្យាពេល ហើយកីឡាការបាល់ទាត់ម្នាក់របស់ក្លឹបដ៏ធំនៅអ៊ីតាលីគឺក្លឹប Juventus ក៏បានឆ្លងមេរោគនេះដែរ និងបានធ្វើឲ្យសមាជិកក្នុងក្លឹបផ្សេងទៀតត្រូវដាក់ឲ្យរស់នៅដាច់ដោយឡែកជាបន្ទាន់ផងដែរ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងច្បាស់ថា តើការប្រកួតបាល់ទាត់នៅក្របខណ្ឌ Premier League របស់ប្រទេសអង់គ្លេសនៅសបា្តហ៍ក្រោយនឹងត្រូវរៀបចំដោយរបៀបណា ឬត្រូវផ្អាកទាំងស្រុងនោះទេ៕

អត្ថបទ៖ ភក្តី

