ភរិយារបស់នាយករដ្ឋមន្រ្តីកាណាដា Justin Trudeau គឺលោកស្រី Sophie Grégoire Trudeau បានតេស្ដវិជ្ជមានជាមួយវីរុស COVID-19
ភរិយារបស់នាយករដ្ឋមន្រ្តីកាណាដាលោក Justin Trudeau គឺលោកស្រី Sophie Grégoire Trudeau បានធ្វើតេស្តរកឃើញថា បានឆ្លងវីរុស COVID-19។ ការិយាល័យនាយករដ្ឋមន្រ្តីបានឱ្យថា៖ «ពេលនេះលោកស្រីមានសុខភាពល្អ កំពុងធ្វើតាមវិធានការប្រុងប្រយ័ត្នទាំងឡាយ ហើយរោគសញ្ញារបស់លោកស្រីមានសភាពស្រាលនោះទេ»។ ចំណែកលោកនាយករដ្ឋមន្រ្តី Trudeau ពេលនេះមានសុខភាពល្អ ដោយមិនមានឃើញចេញរោគសញ្ញាអ្វីទេ ប៉ុន្តែត្រូវនៅដាច់ដោយឡែក ១៤ថ្ងៃ ហើយលោកក៏គ្រោងនឹងថ្លែងប្រាប់ដំណឹងនេះទៅកាន់ជនជាតិកាណាដានៅថ្ងៃសុក្រនេះ។

លោកស្រី Sophie Grégoire Trudeau បានចាប់ផ្តើមបង្ហាញរោគសញ្ញាផ្តាសាយស្រាលៗ រួមទាំងគ្រុនក្តៅនៅល្ងាចថ្ងៃពុធ ភ្លាមៗបន្ទាប់ពីត្រឡប់មកពីចក្រភពអង់គ្លេស។ ទន្ទឹមនឹងនេះដែរការប្រជុំរវាងលោកនាយករដ្ឋមន្រ្តី Trudeau និងមេដឹកនាំជនជាតិដើមភាគតិច ដែលគ្រោងនឹងចាប់ផ្តើមនៅអូតាវ៉ាថ្ងៃនេះ ក៏ត្រូវបានពន្យារពេល ដើម្បីឆ្លើយតបនឹងការផ្ទុះឡើងនៃ COVID-19 ។ សេចក្តីថ្លែងការណ៍ពីការិយាល័យនាយករដ្ឋមន្រ្តីបាននិយាយថា លោក Trudeau នឹងនិយាយទៅកាន់ថ្នាក់ដឹកនាំខេត្ត និងដែនដី តាមទូរស័ព្ទដើម្បីពិភាក្សាអំពី “សកម្មភាពរួម” ដើម្បីកំណត់ការរីករាលដាលនៃ COVID-19 ៕



អត្ថបទ៖ លីដា