ដោយសារវីរុសកូរ៉ូណា ព្រះអង្គម្ចាស់ Charles របស់អង់គ្លេសប្រើការសំពះជំរាបសួរគ្នាជំនួសឱ្យការចាប់ដៃ ដើម្បីជាការស្វាគមន៍គ្នា
អង់គ្លេស៖ ឥទ្ធិពលនៃមេរោគ Covid-19 មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចនិងសន្តិសុខប៉ុណ្ណោះទេ តែប្រទេសចំនួនថែមទាំងបានផ្លាស់ប្តូរវប្បធម៌នៃការស្វាគមន៍របស់ខ្លួនទៀតផង ជាក់ស្តែងកន្លងមករដ្ឋាភិបាលនៃប្រទេសបារាំងបានហាមមិនឲ្យប្រជាពលរដ្ឋខ្លួនថើបថ្ពាល់គ្នា ដើម្បីជាការស្វាគមន៍ឡើយ ព្រោះខ្លាចចម្លងមេរោគដាក់គ្នា។ ថ្មីៗនេះទៀតសោធគេបានប្រទេសឃើញ ព្រះអង្គម្ចាស់ Charles នៃប្រទេសវែល ក៏បានប្តូរពីការចាប់ព្រះហស្តដើម្បីស្វាគមន៍គ្នា ដោយលើកព្រះហស្តសំពះវិញម្តងដើម្បីធ្វើជាកិច្ចស្វាគមន៍។

ក្នុងវីដេអូមួយបានបង្ហាញថា ព្រះអង្គម្ចាស់ Charles រៀបនឹងលើកព្រះហស្តរបស់ព្រះអង្គ ដើម្បីឲ្យគេចាប់ជាកិច្ចស្វាគមន៍ទៅហើយ តែភ្លាមនោះព្រះអង្គក៏បានប្តូរមកលើកព្រះហស្តសំពះវិញ ដើម្បីកាត់បន្ថយអត្រានៃការឆ្លងមេរោគ Covid-19។ សកម្មភាពនេះ ត្រូវបានគេប្រទះឃើញនៅឯពិធី The Prince’s Trust Awards (ពិធីផ្ដល់រង្វាន់ជូនយុវជនក្មេងៗដែលទើបសម្រេចបានសមិទ្ធផលថ្មីៗនិងគួរឲ្យគត់សម្គាល់) ដែលបានរៀបចំឡើងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសកាលពីថ្ងៃទី១១ ខែមីនា កន្លងទៅនេះ។ សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ Charles នៃប្រទេសវែល (Charles, Prince of Wales) គឺជាព្រះរាជបុត្របងគេបង្អស់របស់ព្រះមហាត្សត្រីយានី Elizabeth II ហើយបច្ចុប្បន្នព្រះអង្គមានព្រះជន ៧១ ព្រះវស្សា៕


អត្ថបទ៖ភក្តី