ប្រទេសថៃរកឃើញអ្នកឆ្លងវីរុស COVID-19 ចំនួន ៥នាក់ បន្ថែមទៀត ដែលនាំឱ្យករណីសរុបកើនដល់ ៧៥នាក់
ក្រសួងសុខាភិបាលនៅថ្ងៃសុក្រនេះបានរាយការណ៍ពីករណីថ្មីចំនួន ៥ នៃជំងឺកូរ៉ូណា (COVID-19) ដែលអ្នកទាំងនោះមានទំនាក់ទំននជាមួយអ្នកដែលមកពីហុងកុង និងកូរ៉េខាងត្បូង។ លោកវេជ្ជបណ្ឌិត Sukhum Karnchanapimai លេខាធិការអចិន្រ្តៃយ៍ផ្នែកសុខភាពបានមានប្រសាសន៍ថា ករណីថ្មីនេះគឺជាការឆ្លងមេរោគជាក្រុមចង្កោម។ មានអ្នកឆ្លងថ្មី ២នាក់ ជាស្ត្រីអាយុ ៣៦ឆ្នាំ និងបុរស អាយុ ៣៧ឆ្នាំ ដែលពួកគេបានទៅផឹកស្រាក្នុងពិធីជប់លៀងជាមួយក្នុងក្រុមមនុស្ស ១៥នាក់ ដែលក្នុងនោះ ១១នាក់ ត្រូវបានប្រកាសថាឆ្លង COVID-19 ម្សិលមិញនេះ។ ពួកគេសុទ្ធតែជាមិត្តភក្ដិក្រុមផឹកជាមួយគ្នា ហើយអ្នកខ្លះធ្លាប់បានជួបភ្ញៀវមកពីហុងកុងកាលពីខែមុនទៀតផង។

អ្នកឆ្លងថ្មីចំនួន ៣នាក់ផ្សេងទៀត ត្រូវបានផ្សារភ្ជាប់ទៅនឹងស្ត្រីជនជាតិថៃអាយុ២៧ឆ្នាំម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលនាងបានទៅធ្វើការកែសម្ផស្ស។ ម្នាក់ទៀតគឺជាប្អូនប្រុសរបស់នាង អាយុ ១៩ឆ្នាំ។ គាត់បានធ្លាក់ខ្លួនឈឺកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយក្អក និងហៀរសំបោរ។ គាត់ត្រូវបានគេពិនិត្យនៅមន្ទីរពេទ្យឯកជនមួយកាលពីថ្ងៃច័ន្ទ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជននោះ។ ម្នាក់ចុងក្រោយជាស្ត្រីថៃ អាយុ ២៩ឆ្នាំ ដែលជាមិត្តភក្តិរបស់បុរសថៃអាយុ ២៧ឆ្នាំ ដែលទើបត្រឡប់មកពីប្រទេសកូរ៉េខាងត្បូង។ គួរឱ្យដឹងដែរថា ករណី COVID-19 នៅថៃពេលនេះមានសរុប ៧៥នាក់ ក្នុងនោះ ៣៥នាក់ បានជាសះស្បើយហើយ ៣៩នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងបានស្លាប់ម្នាក់។



អត្ថបទ៖ លីដា