ត្រឹម២៤ម៉ោង អ៊ីតាលីមានអ្នកស្លាប់ ដោយសារវីរុស COVID-19 ចំនួន២៥០នាក់ ធ្វើឲ្យចំនួនស្លាប់សរុបជាង ១,២០០នាក់
អ៊ីតាលី៖ យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ប្រទេសអ៊ីតាលីកាលពីថ្ងៃសុក្របានកត់ត្រានូវចំនួនអ្នកស្លាប់រយៈពេលមួយថ្ងៃខ្ពស់បំផុតរបស់ខ្លួនពីករណីវីរុស COVID-19។ ក្នុងរយៈពេលតែ ២៤ ម៉ោងប៉ុណ្ណោះមានអ្នកស្លាប់ចំនួន ២៥០ នាក់ ដែលធ្វើឲ្យចំនួនអ្នកស្លាប់សរុបលោតឡើងដល់ទៅ ១,២៦៦ នាក់ ហើយអ្នកឆ្លងក្នុងរយៈពេល២៤ម៉ោងមានចំនួ ២,៥៤៧ករណី ដែលចំនួនអ្នកឆ្លងសរុបឡើងដល់ ១៧,៦៦០ នាក់។

នៅពេលដែលអង្គការសុខភាពពិភពលោកបានប្រកាសថា អឺរ៉ុបជាចំណុចកណ្តាលនៃជំងឺរាតត្បាតវីរុស COVID-19 នៅប្រទេសចិនឯណោះវិញក៏បានដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រចំនួន ៣១ តោនទៅកាន់ទីក្រុងរ៉ូមរួមជាមួយអ្នកជំនាញវិជ្ជសាស្ត្រ ដើម្បីទៅជួយប្រទេសអ៊ីតាលីផងដែរ។
ប្រព័ន្ធថែរក្សាសុខភាពរបស់ប្រទេសអ៊ីតាលីកំពុងស្ថិតក្នុងសភាពតានតឹងមួយ ហើយប្រទេសនេះជិតឈានដល់ការបិទប្រទេសហើយ ដោយពលរដ្ឋបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះលើកលែងតែការធ្វើដំណើរទៅធ្វើការ និងទិញរបស់ចាំបាច់ផ្សេងៗ។ ហាងទាំងអស់ត្រូវបានបិទទ្វារ លើកលែងតែហាងលក់ម្ហូបអាហារ ឱសថស្ថាន កាសែត និងហាងចាំបាច់មួយចំនួនប៉ុណ្ណោះ៕


អត្ថបទ៖ សេម