បុរសជនជាតិចិនម្នាក់ធ្លាក់ពីលើអគារស្លាប់នៅថៃ គ្មាននរណាម្នាក់ហ៊ានទៅក្បែរយកសពនោះចេញ ព្រោះខ្លាច COVID-19
ថៃ៖ សាកសពរបស់បុរសជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញនៅក្នុងតំបន់ Makkasan (តំបន់ជាប់ក្រុងបាងកក) ប្រទេសថៃ ជាច្រើនម៉ោង ដោយគ្មាននណាម្នាក់ហ៊ានទៅក្បែរឡើយរួមទាំងអាជ្ញាធរប្រចាំតំបន់ផង ព្រោះគេខ្លាចឆ្លងវីរុស COVID-19។ បើតាមការចុះផ្សាយក្នុងសាព័ត៌មាន Bangkokpost បានឲ្យដឹងថា បុរសជនជាតិចិនរូបនោះមានអាយុ ៣៩ ឆ្នាំ បានធ្លាក់ពីលើអគារសណ្ឋាគារជាប់ទី ៦ មកដី និងត្រូវស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ក្រោយការស្លាប់របស់បុរសជនជាតិចិនរូបនេះ ៦ម៉ោង គ្មាននណាម្នាក់ហ៊ានទៅក្បែរសាកសពឡើយព្រោះគេបារម្ភថា គាត់ស្លាប់ព្រោះតែវីរុស COVID-19 និងអាចចម្លងទៅកាន់អ្នកដទៃបាន ហើយប្រជាពលរដ្ឋនៅក្នុងតំបន់កើតហេតុបាននាំគ្នាភ័យខ្លាចជាខ្លាំងពីការរីករាលដាលនៃមេរោគ។
យ៉ាងណាក្តី អស់រយៈពេល ៦ម៉ោងទើបមានមន្ត្រីជំនាញផ្នែកសុខាភិបាលហ៊ានទៅពិនិត្យសាកសពតែមិនបានរកឃើញថា គាត់បានស្លាប់ព្រោះវីរុស COVID-19 នោះទេ។ បើតាមការសន្និដ្ឋានបឋមបានបង្ហាញថា ករណីនេះមិនមែនជាករណីឃាតកម្មអ្វីឡើយ តែវាអាចជាការគិតខ្លីរបស់ជនរងគ្រោះ ឬអាចជាការធ្លាក់មកព្រោះតែគាត់ស្រវឹងជាដើម តែយ៉ាងណាក្តីពេលនេះប៉ូលិសជំនាញកំពុងបន្តបើកការស៊ើបអង្កេតជុំវិញករណីមួយនេះផងដែរ៕

អត្ថបទ៖ ភក្តី