ទីក្រុងហូជីមិញចាប់ផ្តើមឲ្យបិទក្លឹបកម្សាន្ត បារ ខារ៉ាអូខេ ហាងស្រាបៀរ កន្លែងម៉ាស្សា រោងកុន ដើម្បីទប់ស្កាត់វីរុសកូវីដ១៩
វៀតណាម៖ ទីក្រុងហូជីមិញ ប្រទេសវៀតណាម បានចាប់ផ្តើមបិទកន្លែងកម្សាន្តមួយចំនួនដូចជា Disco, បារ, ហាងស្រាបៀរ, ខារ៉ាអូខេ, កន្លែងម៉ាស្សា, រោងភាពយន្ត និងហាងកាហ្វេអ៊ិនធើណេតជាច្រើនចាប់ពីវេលាម៉ោង៦ល្ងាចថ្ងៃអាទិ្យនេះទៅ។ ការបិទកន្លែងកម្សាន្តនេះនឹងជះឥទ្ធិពលដល់គ្រឹះស្ថានចំនួន ៧០០កន្លែង ខណៈពេលទីក្រុងនេះចាត់វិធានការ ដើម្បីការពារ និងទប់ស្កាត់នៃការរីករាលដាលនៃវីរុសកូវីដ១៩។
ការបញ្ជាឲ្យបិទកន្លែងកម្សាន្តទាំងនេះត្រូវបានចុះហត្ថលេខាដោយលោក Le Thanh Liem ដែលអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនកាលពីល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្រោយមានការដាក់សំណើពីវប្បធម៌ និងមន្ទីរសុខាភិបាលទីក្រុងហូជីមិញ រួមជាមួយនឹងការផ្តល់អនុសាសន៍ពី គណៈកម្មាធិការអចិន្រ្តៃយ៍វៀតណាមទទួលបន្ទុកកិច្ចការងារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរាតត្បាតនៃ COVID-19 ផងដែរ។
គួរបញ្ជាក់ផងដែរថា គិតមកទល់នឹងបច្ចុប្បន្ននេះ នៅប្រទេសវៀតណាមមានអ្នកឆ្លងវីរុសកូវីដ១៩មានចំនួនសរុប៥៣នាក់ និងមិនទាន់មានករណីស្លាប់បាត់បង់ជីវិតឡើយ៕


អត្ថបទ៖ សេម
ប្រភព៖ vnexpress