ក្រុមហ៊ុន Dior និង Givenchy ធ្វើការផ្លាស់ប្ដូរផលិតកម្មទឹកអប់របស់ខ្លួនទៅផលិតជែលាងដៃ ដើម្បីផ្ដល់ជូនអាជ្ញាធរសុខាភិបាល ទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19
ជាមួយនឹងករណីឆ្លងវីរុសកូរ៉ូណា COVID-19 នៅប្រទេសបារាំងបានកើនឡើងជិត ៤,៥០០នាក់ និងមានមនុស្សស្លាប់ ៩១នាក់ ក្រុមហ៊ុនម៉ាកល្បីៗមួយចំនួនរបស់ប្រទេសនេះ កំពុងប្តូរផលិតកម្មទឹកទៅផលិតជែលលាងដៃវិញ។ ក្នុងនោះក្រុមហ៊ុនផលិតទំនិញប្រណីត LVMH ដែលជាក្រុមហ៊ុនមេរបស់ Christian Dior, Guerlain និង Givenchy កំពុងចង់ជួយអាជ្ញាធរសុខាភិបាលបារាំង ដោយនឹងធ្វើការផលិតជែលលាងដៃ ហើយផ្តល់វាឱ្យក្រសួងសុខាភិបាលដោយឥតគិតថ្លៃ។ ក្រុមហ៊ុន LVMH បាននិយាយថា ខ្លួននឹងប្រើកន្លែងផលិតទឹកអប់ និងគ្រឿងសម្អាងរបស់ខ្លួនទាំងអស់ ដើម្បីផលិតអាល់កុលលាងដៃ ឬជែលលាងដៃ ដោយចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ។

ជែលលាងដៃនេះនឹងត្រូវបញ្ជូនទៅឱ្យអាជ្ញាធរសុខាភិបាលបារាំង និងជំនួយសាធារណៈ Assistance Publique-Hospitaux de Paris ដែលជាបណ្តាញមន្ទីរពេទ្យចំនួន ៣៩ ដែលតែងព្យាបាលអ្នកជំងឺជាង ៨លាននាក់ ជារៀងរាល់ឆ្នាំនេះ។ ក្រុមហ៊ុនបាននិយាយនៅក្នុងសារព័ត៌មានថា៖ “តាមរយៈគំនិតផ្តួចផ្តើមនេះ ក្រុមហ៊ុន LVMH មានបំណងជួយដោះស្រាយហានិភ័យនៃការខ្វះខាតផលិតផលនៅប្រទេសបារាំង និងជួយឱ្យមនុស្សកាន់តែច្រើន អាចបន្តចាត់វិធានការត្រឹមត្រូវ ដើម្បីការពារខ្លួនពីការរីករាលដាលនៃមេរោគ”។ សេចក្ដីប្រកាសរបស់ LVMH កើតឡើង បន្ទាប់ពីមានការរីករាលដាលនៃកង្វះនៃជែលលាងដៃនៅទូទាំងពិភពលោក។
នៅសហរដ្ឋអាមេរិកវិញ អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បានប្រកាសកាលពីសប្តាហ៍មុនថា ទីក្រុងនេះនឹងផលិតជែលលាងដៃ ដោយជួលអ្នកទោសជាជំនួយ។ ប៉ុន្តែយ៉ាងណាមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក CDC និយាយថា ការលាងដៃជាមួយសាប៊ូ និងទឹកនៅតែជាវិធីល្អបំផុតក្នុងការការពារការចម្លងវីរុសនេះ។ យោងតាម CDC បានឱ្យដឹងថា សម្រាប់ជែលលាងដៃដែលមានប្រសិទ្ធិភាព វាត្រូវតែមានជាតិអាល់កុលយ៉ាងហោចណាស់ ៦០% ៕



អត្ថបទ៖ លីដា