ចង់ចំណេញ ដាច់ចំណង! ដើរប្រមូលទិញទឹកលាងដៃមកស្តុកទុក ហើយដាក់លក់វិញក្នុងតម្លៃខ្ពស់កប់ពពក ចុងក្រោយគេដឹងល្បិច លក់លែងចេញ ខាតរាប់ម៉ឺនដុល្លារ (មានវីដេអូ)
អាមេរិក៖ បុរសជនជាតិអាមេរិក ២នាក់បងប្អូនត្រូវបានសារព័ត៌មាន Dailymail រាយការណ៍ថា ត្រូវខាតបង់លុយរាប់ម៉ឺនដុល្លារ និងទទួលបានការគំរាមសម្លាប់ទៀតផង ក្រោយពួកគាត់បានប្រមូលទិញទឹកលាងដៃមកស្តុកទុកលក់ក្នុងតម្លៃថ្លៃកប់ពពកតែបែរជាលក់មិនចេញ។ ប្រភពខាងលើបានរៀបរាប់ថា បុរសជាបងប្អូនទាំង ២នាក់នេះមានឈ្មោះថា Matt និង Noah Colvin រស់នៅក្នុងក្រុង Hixson ហើយមុនពេលដែលមេរោគ Covid-19 ផ្ទុះការរាតត្បាតខ្លាំងនៅសហរដ្ឋអាមេរិកពួកគាត់ទាំង ២នាក់បានធ្វើដំណើរប្រមាណជា ១ ៣០០ Miles (២០៩២ គីឡូម៉ែត្រ) នៅក្នុងរដ្ឋចំនួន ២ គឺរដ្ឋ Tennessee និងរដ្ឋ Kentucky ដើម្បីប្រមូលទិញ ទឹកលាងដៃ ម៉ាស់ និងក្រណាត់សើមសម្រាប់ជូនដៃ ពីតាមហាងផ្សេងជាច្រើនដើម្បីយកមកស្តុកទុកដោយប្រើដើមទុនអស់ចន្លោះពី ១០ ០០០ ទៅ ១៥ ០០០ ដុល្លារ។
ហើយកាលពីពេលថ្មីៗនេះ ពោលគឺនៅពេលដែលសម្ភារៈទាំងនេះមានតម្រូវការខ្ពស់ ពួកគាត់បានដាក់លក់ទំនិញទាំងនេះក្នុងគេហទំព័រលក់ទំនិញ Amazon ក្នុងតម្លៃខ្ពស់កប់ពពក ឧទាហរណ៍ទឹកលាងដៃមួយប្រអប់ទិញមកត្រឹមតម្លៃ ១ ដុល្លារ ពួកគាត់បានដាក់លក់វិញក្នុងតម្លៃរហូតដល់ ៧០ ដុល្លារឯណោះ។ ក្រោយប្រទះឃើញសកម្មភាពកេងចំណេញហួសហេតុដូចនេះ គេហទំព័រ Amazon បានសម្រេចបិទការលក់របស់ពួកគាត់ បន្ទាប់មកពួកគាត់ទទួលបានការស្អប់ខ្ពើមនិងរិះគន់យ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គមរហូតមានគេសរសេរសំបុត្រទៅគំរាមសម្លាប់ពួកគាត់ទៀតផង។ ដើម្បីកែខៃស្ថានភាពអាក្រក់នេះឲ្យល្អប្រើឡើងវិញ បុរសទាំង ២នាក់ប្អួនសម្រេចធ្វើការបរិច្ចាគសម្ភារៈដែលគាត់លក់មិនចេញទាំងអស់នោះទៅក្នុងសកម្មភាពសប្បុរសធម៌ទៅវិញ។ នេះបានគេហៅថា “ចង់ចំណេញខ្លាំងពេករហូតត្រូវដាច់ចំណង”៕

អត្ថបទ៖ ភក្តី

