ចិនកឺៗផឹកស៊ីឌឺដងដាក់គ្នា ទាញកាំភ្លើងខ្លីមកភ្ជង់ ផ្អើលកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមនចេញអន្តរាគមន៍ឡោមព័ទ្ធចាប់វាយ
រាជធានីភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន ធ្វើការបង្រ្កាបបានភ្លាមៗ ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថា ជនជាតិចិននោះ បានប្រើប្រាស់កាំភ្លើងខុសច្បាប់ ក្នុងការប្រយុទ្ធគ្នារវាងចិនមួយក្រុមទៀត ផ្អើលដល់សន្តិសុខចេញជួយឃាត់ ស្រាប់តែដកកាំភ្លើងម៉ាកK54 ភ្ជង់សន្តិសុខ ទើបសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង០៤៖១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចអាគារព្រីនផ្លាហ្សា តាមផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ XIE YENG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះលេខ១៧ ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មុខរបរ មេការរោងចក្រផលិតស្លា (គ្មានលិខិតឆ្លងដែន)។ វត្ថុតាងដកហូតមាន៖ កាំភ្លើងខ្លី១ដើម ម៉ាកK54 ពណ៌ខ្មៅ បង់១ គ្រាប់៤ រួមនិងឧបករណ៍ សំរាប់ជក់គ្រឿងញៀន មួយកំប្លេរ។
លោក ផន អូន អធិការរងខណ្ឌចំការមន បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួន ជនសង្ស័យនិងបក្ខពួកប៉ុន្មាននាក់ទៀត និងចិនមួយក្រុមទៀត បានអង្គុយផឹកស៊ីនៅកន្លែងកើតហេតុ ហើយបានមើលមុខឌឺដងដាក់គ្នាកើតជាជម្លោះវាយតប់ បង្លការភ្ញាក់ផ្អើលដល់សន្តិសុខនាំគ្នាជួយឃាត់ ស្រាប់តែដកកាំភ្លើងម៉ាកK54 ភ្ជង់សន្តិសុខទៀត ទើបប្រជាពលរដ្ឋនាំគ្នារាយការណ៍ថា សង្ស័យជនជាតិចិនមានអាវុធខ្លី ក្រោយមកក៏កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការនគរបាលប៉ុស្តិ៍នគរបាលទន្លេបាសាក់ ចុះទៅអន្តរាគមន៍ឃាត់បុរសជនសង្ស័យ នៅអាគារកើតហេតុខាងលើ ។
ក្រោយពីការចុះធ្វើការឃាត់ខ្លួន ជនសង្ស័យបាន និងសួររកអាវុធខ្លី ហើយជនសង្ស័យឆ្លើយថា មិនបានដឹងរឿងអ្វីទេ តែសាក្សីសន្តិសុខ បានប្រាប់ថា បុរសជនជាតិចិន បង្កហិង្សា និងដកអាវុធខ្លីគំរាម ទៅលើជនជាតិចិនដូចគ្នា។
ក្រោយមកតាមទៅមើលកន្លែង ដែលជនជាតិចិន រត់ចូលបន្ទប់ទឹក រួចយកជននោះទៅឆែក ទើបឃើញថង់ខ្មៅ មានកាំភ្លើងខ្លីម៉ាក K54 ចំនួន១ដើម និងឧបករណ៍ សំរាប់ជក់គ្រឿងញៀន១កំប្លេរ ហើយក៏នាំខ្លួនមកសាកសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ បងម៉េង ខ្មែរណូត



