ម៉ាឡេស៊ីនឹងពិន័យជាប្រាក់ ឬចាប់ដាក់គុក ចំពោះជនណាដែលមិនធ្វើតាមការណែនាំឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ក្រោយសង្ស័យថាបានឆ្លងវីរុសកូវីដ១៩
ម៉ាឡេស៊ី៖ ដើម្បីទប់ស្កាត់ការរីករាលដាល់នៃមេរោគ Covid-19 ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរម៉ាឡេស៊ីបានដាក់ចេញនូវគោលការណ៍ថ្មីមួយគឺធ្វើការផាកពិន័យជាប្រាក់ ឬចាប់ដាក់គុក ឬអនុវត្តទាំងពីរតែម្តង (ពិន័យជាប្រាក់ផងជាប់គុកផង) ចំពោះជនណាដែលមិនធ្វើតាមការណែនាំរបស់អាជ្ញាធរក្នុងអំឡុងពេលត្រូវដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា សម្រាប់អ្នកដែលត្រូវបានគេសង្ស័យថាអាចនឹងឆ្លងមេរោគ Covid-19 គឺត្រូវដាក់ឲ្យនៅដាច់ដោយឡែកពីគេ ១៤ថ្ងៃ ហើយក្នុងអំឡុងរយៈពេលនេះ ពួកគាត់មិនអាចប៉ះពាល់ជាមួយអ្នកណាម្នាក់បានឡើយ (ក្រៅពីក្រុមគ្រូពេទ្យជំនាញ) និងមិនអាចចេញពីកន្លែងសម្រាប់ឃុំខ្លួននោះឡើយ បើគ្មានការអនុញ្ញាត។
ដើម្បីអនុវត្តវិធានការនេះឲ្យកាន់តែមានប្រសិទ្ធភាព អាជ្ញារម៉ាឡេស៊ីបានកំណត់ថា អ្នកណាដែលហ៊ានដើរចេញពីកន្លែងឃុំខ្លួន ១៤ថ្ងៃ នឹងត្រូវជាប់គុក ២ឆ្នាំ ឬពិន័យជាប្រាក់ ២០០ RM (៤៦ ដុល្លារអាមេរិក) ក្នុងមួយថ្ងៃហើយគុណនឹងចំនួនថ្ងៃសរុប ដែលពួកគាត់បានគេចចេញពីកន្លែងឃុំខ្លួននោះ។ ប្រសិនបើត្រូវពិន័យម្តងហើយ តែអ្នកដែលត្រូវបានគេឃុំខ្លួននៅតែប្រព្រឹត្តិកំហុសដដែលជាថ្មីម្តងទៀត នោះពួកគាត់នឹងត្រូវជាប់គុករហូតដល់ ៥ ឆ្នាំ និងបន្ថែមនូវការពិន័យជាប្រាក់តាមចំនួនថ្ងៃដែលគាត់បានប្រព្រឹត្តិកំហុសនោះទៀតផង៕
អត្ថបទ៖ ភក្តី

