ទូទាំងពិភពលោកហាមមិនឲ្យមានការជួបជុំគ្នាច្រើន តែមនុស្សប្រមាណ ៥,០០០នាក់នៅអង់គ្លេសបែរមិនខ្វល់ ហើយនាំគ្នាចូលមើល concert ទៅវិញ
ចក្រភពអង់គ្លេស៖ ក្រោយវិបត្តិនៃការរាតត្បាតមេរោគកូវីដ ១៩ នៅក្នុងប្រទេសចិនបានល្អប្រសើរជាងមុនច្រើន ឥលូវនេះពិភពលោកទាំងមូលកំពុងដាក់ការចាប់អារម្មណ៍ខ្លាំងចំពោះតំបន់អឺរ៉ុបវិញម្តង ដ្បិតតួលេខអ្នកឆ្លងមេរោគនៅក្នុងតំបន់នេះហាក់កើនឡើងយ៉ាងឆាប់រហ័ស។ ជាក់ស្តែងនៅអ៊ីតាលីមានចំនួនអ្នកឆ្លងរហូតដល់ ៣៥ ៧១៣ ករណី នៅអេស្ប៉ាញមាន ១៤ ៧៦០ ករណី ខណៈនៅអាឡឺម៉ង់វិញអ្នកឆ្លងមានចំនួន ១២ ៣២៧ ករណីផងដែរ។

ស្របពេលដែលពិភពលោកកំពុងព្រួយបារម្ភពីការចម្លងមេរោគកូវីដ ១៩ នោះ ស្រាប់តែមានដំណឹងហួសចិត្តមួយត្រូវចុះផ្សាយតាមបណ្តាញសារព័ត៌មានអនឡាញដោយបញ្ជាក់ថា ការប្រគុំតន្ត្រីធំមួយដែលមានអ្នកចូលរួមទស្សនាប្រមាណជា ៥ ០០០ នាក់ត្រូវរៀបចំឡើងយ៉ាងរីករាយនៅឯតំបន់ Motorpoint Arena ក្រុង Cardiff ប្រទេសវែល នៃចក្រភពអង់គ្លេសទៅវិញកាលពីយប់ម្សិលមិញនេះ។ សាធារណៈជនកំពុងចោទសួរថា ប្រជាពលរដ្ឋវេលមិនខ្លាចការចម្លងមេរោគកូវីដ ១៩ ទេឬយ៉ាងណា ព្រោះការជួបជុំដែលមានមនុស្សច្រើនរបៀបនេះ គឺមានហានិភ័យខ្ពស់ណាស់ក្នុងការចម្លងមេរោគពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត។ យ៉ាងណាក្តី គិតទល់នឹងពេលនេះប្រទេសវេលនៅមិនទាន់រកឃើញករណីអ្នកឆ្លងមេរោគកូវីដ ១៩ នៅឡើយទេ៕
អត្ថបទ៖ ភក្តី
