អាជ្ញាធរព្យាយាមបញ្ចុះបញ្ចូលជាច្រើនថ្ងៃ ទីបំផុតព្រឹត្តិការណ៍សាសនាមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីត្រូវបញ្ឈប់
ការប្រមូលផ្ដុំអ្នកធ្វើធម្មយាត្រាជនជាតិមូស្លីម ដែលកំពុងទាក់ទាញមនុស្សរាប់ពាន់នាក់ទៅកាន់ប្រទេសឥណ្ឌូនេស៊ី ពេលនេះត្រូវបានបញ្ឈប់ ដោយសារមានការភ័យខ្លាចថាវាអាចធ្វើឱ្យមានការឆ្លងរាលដាលពីវីរុសកូវីដ១៩។ អស់រយៈពេលជាច្រើនថ្ងៃ អាជ្ញាធរបានព្យាយាមបញ្ចុះបញ្ចូលក្រុម Ijtima Asia ដែលជាផ្នែកមួយនៃចលនា Tablighi Jamaat ដែលគ្រោងធ្វើព្រឹត្តិការណ៍របស់ខ្លួននៅ Gowa នៅជិតទីក្រុង Makassar ក្នុងខេត្ត Sulawesi ខាងត្បូង បន្ទាប់ពីព្រឹត្តិការណ៍ស្រដៀងគ្នានេះនៅឯប្រទេសម៉ាឡេស៊ី បាននាំឱ្យមានមនុស្សរាប់រយនាក់បានឆ្លងវីរុសកូវីដ១៩។

ប្រមុខនៃរដ្ឋភាពនៅ Gowa លោក Adnan Purichta Ichsan បានផ្សព្វផ្សាយលើបណ្តាញសង្គមកាលពីរាត្រីថ្ងៃពុធថា៖“Alhamdulillah ទីបំផុត Ijtima បានយល់ព្រមពន្យារពេល/លុបចោល”។ លោកបានបន្ថែមថា អ្នកដែលបានធ្វើដំណើរមកដល់រួចហើយនោះនឹងត្រូវនៅដាច់ដោយឡែក អំឡុងពេលពួកគេរៀបចំចាកចេញពី Gowa។ អ្នកដែលបានមកដល់មានចំនួន ៨,៥០០នាក់ ដែលមកពីទូទាំងប្រទេសឥណ្ឌូនេស៊ី អាស៊ី និងមជ្ឈឹមបូព៌ា។ យ៉ាងណាមិញរ៉យទ័រមិនអាចទាក់ទងអ្នករៀបចំសុំការអត្ថាធិប្បាយបាននៅឡើយទេ៕






អត្ថបទ៖ លីដា