ប៉ូលីសថៃចាប់ខ្លួនស្ត្រីជនជាតិចិនម្នាក់ បន្ទាប់ពីគាត់ស្ដោះទឹកមាត់ម្ដងហើយម្ដងទៀត លើមធ្យោបាយធ្វើដំណើរសាធារណៈ
ស្ត្រីជនជាតិចិនម្នាក់ត្រូវបានមន្រ្តីប៉ូលីសថៃចាប់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍ទី ទី១៩ ខែមីនា បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថា បានស្តោះទឹកមាត់ម្តងហើយម្តងទៀត នៅក្នុងរថយន្ដក្រុងដែលគាត់បានជិះ ពីទីក្រុងបាងកកទៅសារ៉ាបូរី ហើយបានចាប់ផ្តើមស្តោះទឹកមាត់ម្តងទៀត នៅពេលគាត់ជិះរថភ្លើងទៅទីក្រុងបាងកកវិញ។ ប៉ុន្តែយ៉ាងណាក្រោយមក មន្ត្រីប៉ូលីសបានធ្វើការចាប់ខ្លួនគាត់ភ្លាម ដែលឆ្លើយតបនឹងបណ្តឹងនៅលើបណ្តាញសង្គមដែលថា ស្ដ្រីរូបនេះបានស្ដោះទឹកមានលើមធ្យោបាយធ្វើដំណើរសាធារណៈ។

ស្ត្រីនោះត្រូវបានគេរាយការណ៍ថា បានជិះរថយន្តដើម្បីស្តោះទឹកមាត់នៅកន្លែងផ្សេងៗគ្នា ដែលបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកដំណើរដទៃទៀត ចំពេលមានការផ្ទុះឡើងនៃ Covid-19 ។ នៅពេលឡានក្រុងមកដល់ចំណតរថយន្ត មន្ត្រីសុខាភិបាលសាធារណៈព្យាយាមនាំគាត់ទៅធ្វើតេស្តរក Covid-19 តែគាត់ប្រកែក ហើយថាគាត់នឹងស្នាក់នៅតែពីរបីថ្ងៃប៉ុណ្ណោះ ហើយក៏ដើរចេញទៅ។
គាត់ត្រូវបានគេប្រទះឃើញម្តងទៀតនៅលើរថភ្លើងទៅកាន់ទីក្រុងបាងកក ហើយនៅពេលនោះមន្រ្តីបានសម្រេចចិត្តចាប់ខ្លួនគាត់។ ស្ត្រីនោះថែមទាំងរឹងទទឹង ហើយព្យាយាមស្តោះទឹកមាត់ដាក់មន្ត្រីទៀតផង។ បន្ទាប់មកពួកគេបានរុញគាត់ផ្ទប់នឹងដី ហើយបិទមាត់របស់គាត់កុំឱ្យព្យាយាមស្ដោះទៀត។ ស្ត្រីរូបនោះត្រូវគេដាក់ឱ្យនៅដាច់ដោយឡែកកាលពីយប់ម្សិលមិញ ហើយត្រូវបានបញ្ជូនទៅធ្វើតេស្តិ៍ Covid-19 នៅនមន្ទីរពេទ្យ Siriraj នៅពេលព្រឹកបន្ទាប់៕

អត្ថបទ៖ លីដា