ថៃសុំឲ្យប្រជាពលរដ្ឋនៅក្រុងបាងកក និងខេត្តជុំវិញ នៅតែក្នុងផ្ទះបានហើយ ដើម្បីកាត់់បន្ថយការរីករាលដាលនៃវីរុសកូវីដ ១៩
ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃបានស្នើសុំឲ្យប្រជាពលរដ្ឋខ្លួនកុំចេញពីផ្ទះ ដើម្បីកាត់់បន្ថយការរីករាលដាលនៃមេរោគកូវីដ ១៩។ សេចក្តីស្នើសុំនេះត្រូវបានធ្វើឡើងតាមរយៈអ្នកនាំពាក្យរដ្ឋាភិបាលថៃគឺលោក Narumon Pinyosinwat ហើយពលរដ្ឋថៃដែលគួរតែអនុវត្តតាមការស្នើសុំមួយនេះឲ្យខ្ជាប់ខ្ជួននោះគឺក្រុមពលរដ្ឋដែលកំពុងរស់នៅក្នុងក្រុងបាងកក និងខេត្តដែលនៅជុំវិញក្រុងមួយនេះតែម្តង ដ្បិតតំបន់ទាំងនេះសុទ្ធតែជាតំបន់មានហានិភ័យខ្ពស់ក្នុងការចម្លងមេរោគ។ យ៉ាងណាក្តី បើតាមលោក Narumon Pinyosinwat បានបញ្ជាក់ថា ដើម្បីអនុវត្តវិធានការខាងលើនេះឲ្យមានប្រសិទ្ធភាពគឺទាមទាឲ្យមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរដូចជាពួកគាត់ត្រូវចេះពិចារណាថា តើការចេញក្រៅរបស់ពួកគាត់នោះវាចាំបាច់ដែរឬទេ ប្រសិនបើចាំបាច់ត្រូវចេញទៅរកលុយក៏ត្រូវតែកំណត់ម៉ោងចេញនិងត្រលប់មកវិញឲ្យបានច្បាស់លាស់ដែរ ហើយបើក្នុងករណីចេញក្រៅផ្ទះគ្រាន់តែជាលក្ខណៈកំសាន្តនោះសូមកុំចេញអី។
សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះថៃមានចំនួនអ្នកឆ្លងមេរោគកូវីដសរុបចំនួន ៣២២ ករណី ស្លាប់ ១ករណី ហើយអ្វីដែលជាក្តីកង្វល់ខ្លាំងនោះគឺថៃមានករណីចម្លងមេរោគក្នុងចំណោមប្រជាពលរដ្ឋនៅតាមសហគមន៍ ដែលកក្តានេះត្រូវបានអាជ្ញាធរសុខាភិបាលថៃព្យាករណ៍ថា នឹងជម្រុញឲ្យតួលេខអ្នកឆ្លងបន្តកើនឡើងទៀតយ៉ាងឆាប់រហ័សប្រសិនបើគ្មានវិធានការទប់ស្កាត់នោះទេ៕

អត្ថបទ៖ភក្តី