ជាង ៧០% នៃអ្នកស្លាប់ដោយសារវីរុសកូវីដ១៩ នៅអ៉ីតាលីគឺជាបុរស ហើយអ្នកវិទ្យាសាស្ត្រនៅតែមិនអាចឆ្លើយពីមូលហេតុនេះបាន
ជាង ៧០% នៃមរណភាពរបស់អ្នកឆ្លងវីរុស COVID-19 នៅប្រទេសអ៉ីតាលីគឺជាបុរស ដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រនៅទីនោះបានសារភាពថា ពួកគេមានភាពស្មុគស្មាញមិនអាចឆ្លើយតបបានទេ អំពីមូលហេុតនៃភាពខុសគ្នារវាងស្ត្រីនិងបុរស។ ជាក់ស្ដែងសព្វថ្ងៃនៅអ៉ីតាលីមានការស្លាប់ច្រើនជាង ៣,៤០០នាក់ ដែលវ៉ាដាច់ចំនួនស្លាប់នៅប្រទេសចិនទៅទៀត ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់នោះគឺការស្លាប់របស់ស្ត្រីមានតិចជាង ១,០០០នាក់ ប៉ុណ្ណោះ។ តើនេះជាមូលហេតុអ្វី?

ការពិតទៅតាំងពីមានការផ្ទុះឡើង យើងអាចឃើញថាភាគច្រើននៃអ្នកឆ្លងសុទ្ធតែជាបុរស ហើយមានរហូតដល់ទៅជាង ៦០% នៃចំនួនឆ្លងសរុបដែលបានបញ្ជាក់ នេះបើយោងតាមភ្នាក់ងារស្រាវជ្រាវសុខភាពសាធារណៈរបស់ប្រទេសអ៉ីតាលី។ បើតាមការវិភាគមុនៗក៏បានរកឃើញដែរថា ការស្លាប់របស់បុរសមានរហូតដល់ទៅ ៨០% ខណៈស្ត្រីមានតែ ២០% បន្ដែក្រោយមកទៀតវាបានផ្លាស់ប្ដូរភាគរយតិចតួច។ ប្រទេសចិនក៏បានរាយការណ៍ដែលថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់របស់ពួកគេគឺមាន ២ ក្នុងចំណោម ៣ ជាបុរស។
អ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគេមិនដឹងថាហេតុអ្វីស្ត្រីហាក់ដូចជាមិនងាយនឹងស្លាប់នោះទេ ប៉ុន្តែបានណែនាំថាស្ត្រីមានទំនោរទៅរកប្រព័ន្ធភាពស៊ាំខ្លាំង ហើយទំនងជាមិនឈឺក្នុងរយៈពេលយូរ ដែលអាចធ្វើឱ្យពួកគេចុះខ្សោយនោះទេ។ ចំណែកប្រទេសចិនវិញក៏បានឆ្លើយដែលថា បុរសនៅទីនោះចូលចិត្តជក់បារី និងផឹកស្រាខ្លាំងណាស់ ដូច្នេះពួកគេងាយចុះខ្សោយដោយសារវីរុស ប៉ុន្តែយ៉ាងណានេះមិនអាចវាយតម្លៃលើប្រទេសដទៃដូចគ្នានោះទេ។ សរុបមកវិញគឺអ្នកជំនាញចង់ក្រើនរំលឹកឱ្យបុរសគួរតែប្រយ័ត្ន និងបង្កើនការប្រុងប្រយ័ត្នឱ្យបានច្រើនជាងស្ត្រី ដើម្បីជៀសវាងហានិភ័យពីវីរុស COVID-19 ៕





អត្ថបទ៖ លីដា