ទុក្ខជាន់ទុក្ខ! កំពុងជួបវិបត្តិកូវីដ១៩ហើយ ពេលនេះក្រូអាតជួបគ្រោះរញ្ចួយដីថែមទៀត
ការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារនៅក្នុងប្រទេសក្រូអាត កាលពីថ្ងៃអាទិត្យបានបង្កឱ្យមានការភ័យស្លន់ស្លោ មានការជម្លៀសចេញពីមន្ទីរពេទ្យ និងមានការខូចខាតទូទៅ រួមទាំងព្រះវិហារដ៏ល្បីល្បាញរបស់រដ្ឋធានី ខណៈប្រជាជននៅទីនោះកំពុងជាប់ឃុំខ្លួនដោយសារការរីករាតត្បាតនៃវីរុស COVID-19។ នៅក្នុងហេតុការណ៍នោះអាជ្ញាធរបាននិយាយថា មានក្មេងអាយុ ១៥ឆ្នាំម្នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយ ១៦នាក់ផ្សេងទៀតបានរងរបួស។

មជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្រ្តអាឡឺម៉ង់ GFZ បាននិយាយថា ការរញ្ជួយដីបានឆ្លងកាត់នៅទូទាំងតំបន់បាល់កង់ខាងលិច និងបានវាយប្រហារពីជម្រៅ ១០គីឡូម៉ែត្រ ជាមួយនឹងកម្លាំង ៥.៣ រ៉ិចទ័រ។ រូបភាពពីកន្លែងកើតហេតុបានបង្ហាញថា មានអ្នកម្តាយស្លៀកពាក់ឈុតរាត្រីម្នាក់ កំពុងឱបទារកដែលទើបនឹងកើតនៅក្នុងចំណតរថយន្ត ខណៈពួកគេបានជម្លៀសចេញពីមន្ទីរពេទ្យសម្ភពដែលរងការខូចខាត ចំពេលនៅខាងក្រៅកំពុងមានសីតុណ្ហភាពត្រជាក់ខ្លាំង។ យ៉ាងណាក៏ដោយម្ដាយទារក និងទារកទើបនឹងកើតត្រូវបានផ្លាស់ប្តូរទៅទីតាំងថ្មី ដោយមានជំនួយពីកងទ័ព។
នៅទីក្រុង Zagreb ប្រជាជនបានភៀសខ្លួនចេញពីអាផាតមិន និងបានធ្វើដំណើរតាមផ្លូវ ខណៈពេលដែលផ្នែកខ្លះនៃរដ្ឋធានីបានដាច់ចរន្តអគ្គិសនី។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប៉មកណ្តឹងព្រះវិហារមួយត្រូវបានខូចខាត និងអគារមួយចំនួនបានបាក់រលំ ហើយអគ្គិភ័យជាច្រើនត្រូវបានគេរាយការណ៍ផងដែរ។ ខាងក្រោមនេះគឺជារូបភាពមួយចំនួននៃការខូចខាតដែលបណ្ដាលមកពីការរញ្ជួយដីដ៏ខ្លាំងនោះ៖







អត្ថបទ៖ លីដា
ប្រភព៖ independent