ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សាស្រ្តាចារ្យបណ្ឌិតថៃម្នាក់ណែនាំថា គួរនៅផ្ទះបើមិនចង់ឆ្លងវីរុស កូវីដ-១៩ ហើយគួរមើលអ៉ីតាលីជាមេរៀន

    BY autoadmin March 23, 2020
    សាស្រ្តាចារ្យបណ្ឌិតថៃម្នាក់ណែនាំថា គួរនៅផ្ទះបើមិនចង់ឆ្លងវីរុស កូវីដ-១៩ ហើយគួរមើលអ៉ីតាលីជាមេរៀន

    សាស្រ្តាចារ្យបណ្ឌិតថៃលោក Prasit Watanapa ដែលជាព្រឹទ្ធបុរសនៃសាកលវិទ្យាល័យ Mahidol នាថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ បានព្រមានថា ប្រជាជនត្រូវតែស្នាក់នៅផ្ទះ និងមិនត្រូវធ្វើទំនាក់ទំនងសង្គមនោះទេ បើមិនដូច្នោះទេប្រទេសថៃនឹងដូចជាប្រទេសអ៉ីតាលី ហើយពេលនោះគ្រូពេទ្យនឹងត្រូវសម្រេចចិត្តថានឹងព្យាបាលនរណា និងនរណាដែលត្រូវទុកចោល។

    គាត់បាននិយាយថា ស្ថានភាពនៃការឆ្លងក្នុងប្រទេសថៃមានការកើនឡើងយ៉ាងខ្លាំង ដែលខ្លាំងដូចជានៅតំបន់អឺរ៉ុបដែលមិនអាចគ្រប់គ្រងបាន។ គាត់បានបន្ទោសវាទៅលើអ្នកដំណើរ ដែលបានទៅទីតាំងដែលអាចមានការរាលដាលខ្លាំង។ ជាក់ស្ដែងដូចជានៅកន្លែងប្រដាល់មួយកន្លែង ដែលនៅទីនោះបានបង្កជាការចម្លងយ៉ាងច្រើន ខណៈប្រជាជនខ្លះមិនព្រមនៅផ្ដាច់ខ្លួននៅឡើយទេ ទោះជាស្ថានភាពដុនដាបបែបនេះក៏ដោយ។

    ចំនួនករណី Covid-19 នៅក្នុងប្រទេសថៃបានកើនឡើង ៣៣% ជារៀងរាល់ថ្ងៃ។ លោកវេជ្ជបណ្ឌិត Prasit បាននិយាយថា ក្នុងអត្រានេះចំនួននៃការឆ្លងនឹងកើនឡើងដល់ប្រហែល ៣៥០,០០០នាក់ ហើយចំនួនអ្នកស្លាប់សរុបប្រហែល ៧,០០០នាក់ ត្រឹមថ្ងៃទី១៥ ខែមេសា។ ចំនួនមនុស្សដែលមានជំងឺធ្ងន់ធ្ងរ នឹងមានចំនួនប្រហែល ១៧,០០០នាក់ ហើយនោះនឹងលើសពីធនធានវេជ្ជសាស្រ្តរបស់ប្រទេស។ ដូច្នេះស្ថានភាពនឹងដូចអ៉ីតាលី ហើយលោកវេជ្ជបណ្ឌិតមិនចង់ឃើញវាក្លាយទៅជាបែបនោះទេ។

    ដើម្បីរក្សាចំនួនអ្នកជំងឺ Covid-19 ស្របតាមសមត្ថភាពរបស់ប្រទេសក្នុងការព្យាបាលពួកគេ ការកើនឡើងនៃករណីក្នុងស្រុកត្រូវតែមានកម្រិត ២០% ក្នុងមួយថ្ងៃ។ លោកបានមានប្រសាសន៍ថា៖«ដើម្បីទទួលបានជោគជ័យនេះប្រជាជនត្រូវតែស្នាក់នៅក្នុងផ្ទះ កុំធ្វើទំនាក់ទំនងសង្គម…ប្រសិនបើអ្នកត្រូវចេញទៅទិញម្ហូប អ្នកត្រូវតែពាក់ម៉ាស់ ត្រូវធ្វើដំណើរនៅជិតផ្ទះបំផុត ហើយត្រឡប់មកផ្ទះវិញឱ្យបានលឿនបំផុត»។ លោកបាននិយាយថា នៅពេលនិយាយគ្នាមនុស្សម្នាក់អាចផលិតដំណក់ខ្ចាយចេញប្រហែលមួយម៉ែត្រ។ ដូច្នេះមនុស្សត្រូវស្ថិតនៅចម្ងាយយ៉ាងតិច ២ម៉ែត្រ ពីគ្នា ហើយអ្នកត្រូវតែពាក់ម៉ាស់។

    អំឡុងពេលនេះផ្ទះជាកន្លែងដែលមានសុវត្ថិភាពបំផុត លើកលែងតែវាមានអ្នកឆ្លងជំងឺនៅក្នុងនោះជាមួយ។ អនុវត្តតាមការអនុវត្តនេះនឹងកំណត់អត្រាការកើនឡើងករណីក្នុងរង្វង់ ២០% ក្នុងមួយថ្ងៃ ឬ ៣២ ករណីថ្មី ក្នុងមួយថ្ងៃ។ លោកវេជ្ជបណ្ឌិត Prasit បានមានប្រសាសន៍ថា៖«វាលំបាកប៉ុន្តែនៅតែអាចទៅរួច។ វាត្រូវតែចាប់ផ្តើមនៅថ្ងៃនេះ បើមិនដូច្នេះវាយឺតពេលហើយ»។ លោកបានមានប្រសាសន៍ថា ជាមួយនឹងការរក្សាគំលាត (social distancing) ចំនួនករណីថ្មីនឹងចាប់ផ្តើមធ្លាក់ចុះក្នុងរយៈពេលបួនសប្តាហ៍។

    លោកក៏បានអំពាវនាវឱ្យមានការហាមឃាត់ទាំងស្រុងលើអ្នកទេសចរ ដោយនិយាយថាការស្កែនកម្ដៅមិនមានប្រសិទ្ធភាពទេ ព្រោះអ្នកឆ្លងមេរោគជាច្រើនមិនមានគ្រុនក្តៅអំឡុងពេលឆ្លងដំបូង។ លោកវេជ្ជបណ្ឌិត Prasit បានមានប្រសាសន៍ថា៖«នៅពេលពួកគេក្តៅខ្លួនជំងឺនេះបានបំផ្លាញសួតរបស់ពួកគេរួចហើយ ហើយពួកគេនឹងត្រូវការឧបករណ៍ជំនួយសួត»។ លោកវេជ្ជបណ្ឌិត Prasit ក៏បានប៉ាន់ប្រមាណដែរថា ការផ្ទុះឡើងនៃ Covid-19 នឹងបន្តកើតមាននៅក្នុងប្រទេសថៃក្នុងរយៈពេលប្រហែល ៩ខែ៕

    អត្ថបទ៖ លីដា

    Share This Post: