ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រះសង្ឃថៃផលិតម៉ាស់ពីស្បង់ជីពរ និងមានចារយ័ន្តនៅលើនោះថែមទៀត ដើម្បីការពារកូវីដ១៩

    BY autoadmin March 24, 2020
    ព្រះសង្ឃថៃផលិតម៉ាស់ពីស្បង់ជីពរ និងមានចារយ័ន្តនៅលើនោះថែមទៀត ដើម្បីការពារកូវីដ១៩

    ថៃ៖ ខណៈដែលម៉ាស់ផលិតឡើងតាមបែបវេជ្ជសាស្រ្តកំពុងតែឡើងថ្លៃ និងស្ទើរតែមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់តាមតម្រូវការនោះ ស្រាប់តែនៅក្នុងប្រទេសថៃឯនោះវិញត្រូវបានគេប្រទះឃើញមានម៉ាស់ថ្មីមួយប្រភេទទៀតធ្វើពីសាច់ក្រណាត់ ដែលជាស្បង់ចីពរ និងមានទាំងការចារយ័ន្តនៅពីលើម៉ាស់ទៀតផង ត្រូវបានគេយកមកចុះផ្សាយយ៉ាងព្រោងព្រាតនៅក្នុងបណ្តាញសង្គម។ បើតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Channelnewsasia បានឲ្យដឹងថា​​ ម៉ាស់យ័ន្តនេះមានប្រភពចេញមកពីវត្ត Chak Daeng ដែលមានទីតាំងជាប់នឹងក្រុងបាងកក ប្រទេសថៃ ហើយកន្លងមកទីអារាមមួយនេះក៏ជាទីកន្លែង ដែលល្បីល្បាយក្នុងការផលិតស្បង់ចីពរដោយច្នៃចេញពីប្លាស្ទិកផងដែរ។ ហើយក្រណាត់ស្បង់ជីពរ ដែលព្រះសង្ឃថៃយកមកផលិតជាម៉ាស់នោះ គឺត្រូវត្បាតចេញពី កប្បាស និងប្លាស្ទិករួមបញ្ចូលគ្នាតែម្តង ហើយក្នុងម៉ាស់ទាំងនោះក៏មានស្រទាប់ការពារបាក់តេរីផងដែរ។

    បើតាមព្រះគុណម្ចាស់ Abbot Pranom Dhammalangkaro បានមានសង្ឃដីកាថា​ ការសម្រេចបង្កើតម៉ាស់នេះឡើង គឺដើម្បីជួយផ្គត់ផ្គង់បរិមាណម៉ាស់នៅក្នុងទីផ្សារដែរកំពុងតែមានតម្រូវការខ្ពស់។ ព្រះគុណម្ចាស់បានបន្តថា ម៉ាស់នេះត្រូវបានបង្កើតឡើងដោយក្រុមព្រះសង្ឃ និងពុទ្ធសាសនិកជនមួយចំនួនដោយការស្ម័គ្រចិត្តទាំងអស់ ហើយវាមិនមែនជាអាជីវកម្មទ្រង់ទ្រាយធំនោះទេ។ យ៉ាងណាក្តី ព្រះគុណម្ចាស់បានបញ្ជាក់ថា ការចារយ័ន្តនៅលើម៉ាស់គឺគ្រាន់តែជាជំនឿមួយក្នុងការទទួលបានសេចក្តីសុខប៉ុណ្ណោះ តែមិនមែនមានន័យថាយ័ន្តអាចជួយការពារមេរោគកូវីដ ១៩ បាន ១០០% នោះទេ ដូចនេះប្រជាពលរដ្ឋថៃអាចយកម៉ាស់នេះទៅប្រើបាន ប្រសិនបើពួកគេមិនអាចរកទិញម៉ាស់នៅតាមទីផ្សារបាន តែកុំភ្លេចត្រូវអនុវត្តវិធានការអនាម័យចំពោះខ្លួនឯងឲ្យបានខ្ជាប់ខ្ជួនផង៕

    អត្ថបទ៖ភក្តី

    Share This Post: